រដ្ឋបាលរាជធានីភ្នំពេញផ្តួចផ្តើមកឋិនទានទទួលបានបច្ច័យ១០ម៉ឺនដុល្លារ ដើម្បីកសាងទីអារាមវត្តចំនួន២ក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ អត្ថបទ ហុក សុខរិន ៣១ ១០ ២០១៩៖

រដ្ឋបាលរាជធានីភ្នំពេញផ្តួចផ្តើមកឋិនទានទទួលបានបច្ច័យ១០ម៉ឺនដុល្លារ ដើម្បីកសាងទីអារាមវត្តចំនួន២ក្នុងរាជធានីភ្នំពេញ សំរាប់បំរើផលប្រយោជន៍ពុទ្ធបរិស័ទបានគោរពបូជា។
បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើងដោយគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញប្រមូលបានបច្ច័យចំនួន១០ម៉ឺនដុល្លារដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងវត្តវិមានតេជះ(ហៅវត្តស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
កម្មវិធីបុណ្យនេះបានប្រារព្ធធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី៣០តុលា ជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីក្រុងពាលីនិងនមៈសិកាព្រះរតនៈត្រយ័សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិតនិងសម្តែងធម៌ទេសនានៅក្នុងបរិវេណសាលាក្រុងភ្នំពេញ ជាមួយការចូលចាប់មគ្គ ផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ញាតិការទាំង៧សណ្តាននិងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរះយុទ្ធជន វីរះយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។លុះព្រឹកឡើងត្រូវនិងថ្ងៃទី៣១ តុលា ទើបអង្គកឋិនទាននេះដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត ខាងលើតែម្តង ដោយក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងលោកជំទាវបានដឹកនាំអង្គកឋិនទាននេះដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។
ចំណែកលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីជាអ្នកដឹកនាំអង្គកឋិនទានដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តវិមានតេជះ(ហៅវត្តស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
គួរបញ្ជាក់ផងដែរថា បច្ច័យចំនួន១០ម៉ឺនដុល្លារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគេនវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថចំនួន៥ម៉ឺនដុល្លារនិងប្រគេនដល់វត្តវិមានតេជះ(ហៅវត្តស្រះចក) ចំនួន៥ម៉ឺនដុល្លារដូចគ្នា។
សូមបញ្ជាក់ថា ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុន ពោលគឺតាំពីសម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតិឲ្យពុទ្ធបរិសទ័ប្រារព្វពិធីនេះឡើងដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ ចីវរនិងសង្ឃាដីទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា៕