ក្រុងសេអ៊ូល៖ កិច្ចចរចាអន្តរកូរ៉េ ចាំបាច់ត្រូវដោះស្រាយបញ្ហានៅ Mount Kumgang បើទោះបីជាមានទីក្រុងព្យុងយ៉ាងបដិសេធក៏ដោយ

AKP ភ្នំពេញ  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — ក្រសួងបង្រួបបង្រួមជាតិបាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រជុំមួយទល់មុខគ្នា​ គឺចាំ​បាច់ត្រូវពិភាក្សាគ្នាពីជោគវាសនានៃកម្មវិធីដំណើររួមគ្នា ដែលត្រូវបានផ្អាកជាយូរមកហើយ​នៅ​លើភ្នំ Kumgang ស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងរបស់កូរ៉េខាងជើង ទោះបីជាមានការ​បដិសេធរបស់ទីក្រុងព្យុងយ៉ាង មិនធ្វើកិច្ចប្រជុំបែបនេះក៏ដោយ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រទេសកូរ៉េខាងជើងបានបដិសេធសំណើរបស់ទីក្រុង​សេអ៊ូល ដើម្បីធ្វើកិច្ចចរចាកម្រិតការងារ ដែលត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង​ការទាម​ទារ​របស់កូរ៉េខាងជើង ដែលរាល់អគារដែលសាងសង់ដោយកូរ៉េខាងត្បូងនៅឯរមណីយដ្ឋាន​ភ្នំត្រូវបានដកចេញ« តាមកាលបរិច្ឆេទដែលបានព្រមព្រៀងគ្នា » នោះ។

អ្នកនាំពាក្យក្រសួងលោក Lee Sang-in បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់​ថា សម្រាប់ការព្រមព្រៀង​គ្នាទៅវិញទៅមកមួយ កិច្ចពិគ្រោះយោបល់ គឺចាំបាច់ ហើយការ​ពិគ្រោះ​យោបល់នោះទៀតសោត យើងចាំបាច់ត្រូវដោះស្រាយបញ្ហាតាមរយៈ​កិច្ចប្រជុំ។ ជំហរ​របស់យើងនៅតែមិនផ្លាស់ប្តូរពីជំហរនោះ។

ការគំរាមកំហែងជាក់ស្តែងរបស់កូរ៉េខាងជើង ដើម្បីបញ្ចប់អាជីវកម្មរួមគ្នានេះ បានកើត​ឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានរាយការណ៍កាលពីសប្តាហ៍​មុនថា មេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យកម្ទេចចោលនូវគ្រឿងបរិក្ខារ ដែលមើលទៅ មិនល្អទាំងអស់ ដែលបានសាងសង់ដោយខាងត្បូងនៅឯរមណីយដ្ឋានភ្នំនេះ។

កូរ៉េខាងជើងបានធ្វើសំណើជាផ្លូវការ ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះជាលាយលក្ខណ៍​អក្សរ​នៅថ្ងៃសុក្រ ប៉ុន្តែទីក្រុងសេអ៊ូលបាននិយាយថា រាល់បញ្ហាដែលមិនទាន់សម្រេចនៅក្នុង​កិច្ចទំនាក់ទំនងអន្តរកូរ៉េ គួរតែត្រូវបានដោះស្រាយតាមរយៈការពិភាក្សា និងការពិគ្រោះយោ​បល់ជាមុនសិន។

បន្ទាប់ពីការបដិសេធរបស់កូរ៉េខាងជើង ក្នុងការអង្គុយទល់មុខគ្នា ជាមួយកូរ៉េខាងត្បូង​ រដ្ឋាភិបាលកំពុងពិភាក្សាជាមួយប្រតិបត្តិករអាជីវកម្មដែលពាក់ព័ន្ធ ដើម្បីរៀបចំវិធានការនានា ដោយរាប់បញ្ចូលទាំង​ថាតើត្រូវសួរកូរ៉េខាងជើងម្តងទៀតដើម្បីធ្វើកិច្ចពិភាក្សាឬយ៉ាងណា។

លោក មូន និងលោក គីម បានព្រមព្រៀងគ្នាកាលពីខែកញ្ញា ឆ្នាំមុន ដើម្បីបន្តកម្មវិធី​ដំណើរកម្សាន្ត និងនៅសួនឧស្សាកម្ម Kaesong ឱ្យបានឆាប់តាមលក្ខខណ្ឌនានា ប៉ុន្តែ​គម្រោងទាំងពីរនៅតែជាប់គាំង ចំពេលមានការរីកចម្រើនតិចតួចក្នុងកិច្ចចរចានុយក្លេអ៊ែររបស់​កូរ៉េខាងជើង​ ជាមួយសហរដ្ឋអាមេរិក៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)