វៀតណាមត្រៀមរួចជាស្រេចក្នុងការជួយដល់នីហ្សេរីយ៉ា ក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩​ — ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមមានឆន្ទៈជួយដល់ប្រទេសនីហ្សេរីយ៉ាលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ នឹងបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសនេះដើម្បីបង្កើតគម្រោងនៅក្នុងវិស័យនេះ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំការងារកាលពីពេលថ្មីៗនេះជាមួយប្រធានសមាជសភា (APC) នៃគណបក្សនីហ្សេរីយ៉ា លោក Adams Oshiomhole នៅទីក្រុង Abuja លោក Hue បានអបអរសាទរចំពោះលោកប្រធានាធិបតី Muhammadu Buhari និងគណបក្សរបស់លោកដែលបានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី ២ ។

លោកបាននិយាយថា ជាមួយនិងភាពស្រដៀងគ្នាខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ប្រទេសវៀតណាម និងនីហ្សេរីយ៉ា អាចពង្រីកកិច្ចសហប្រតិបត្តិការដើម្បីនាំមកនូវផលប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាជនរបស់ពួកគេ។

លោក Oshiomhole បានអបអរសាទរប្រទេសវៀតណាមចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសនៅក្នុងវិស័យកសិកម្ម ផលិតកម្ម ព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ ដោយលោកបាននិយាយបន្ថែមថា ប្រទេសនីហ្សេរីយ៉ាចង់បង្កើនចំណងមិត្តភាពជាមួយប្រទេសវៀតណាមក្នុងវិស័យទាំងនេះ។

លោកក៏មានបំណងចង់រៀនសូត្រអំពីបទពិសោធន៍របស់ប្រទេសវៀតណាម ក្នុងការកាត់បន្ថយភាពក្រីក្រ នឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីងាយស្រួលក្នុងការពឹងផ្អែកលើចំណូលប្រេង និងឧស្ម័ន ក៏ដូចជាការជួយសម្រួលដល់ការបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសវៀតណាម ដើម្បីរៀនបទពិសោធន៍ក្នុងការបង្កើតការងារ នឹងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងភាគីទាំងពីរផងដែរ។

នៅក្នុងសិក្ខាសាលាស្តីពី ពាណិជ្ជកម្ម-ការវិនិយោគរវាងវៀតណាម – នីហ្សេរីយ៉ា ដែលជាព្រឹត្តិការណ៍ទ្រង់ទ្រាយធំបំផុតដែលទាក់ទាញថ្នាក់ដឹកនាំ និងអ្នកតំណាងមកពីសហគ្រាសនីហ្សេរីយ៉ាប្រមាណ ១៥០ នាក់នោះ លោក Hue បានស្នើនូវវិធានការនានាដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសផលិតផល             កសិផលសំខាន់ៗរបស់វៀតណាម ដូចជាគ្រាប់ស្វាយចន្ទី ស្រូវ កប្បាស និងកាហ្វេ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)