គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តន៍បន្ត

AKP កំពង់ឆ្នាំង​ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩  — ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព បានជំរុញដល់អាជ្ញាធរដែនដី សហការជាមួយសមត្ថកិច្ច ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពឱ្យបានល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ។ ឯកឧត្តម បានជំរុញបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល គណៈបញ្ជាការឯកភាព កាលពីថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទខេត្ត ក្រុង ស្រុក ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសមត្ថកិច្ចផ្សព្វផ្សាយតាមគ្រប់រូបភាព ឱ្យប្រជាពលរដ្ឋយល់ដឹងក្នុងការគោរពច្បាប់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់។ បន្តអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ រៀបចំសណ្តាប់អនាម័យនៅគ្រប់ទីកន្លែងជាពិសេសមិនត្រូវឱ្យមានការកកស្ទះសំរាមនៅតាមដងផ្លូវ ទីប្រជុំជន ផ្សារ និង ចំណតរថយន្តតាមដងផ្លូវជាតិលេខ៥ឡើយ ។ បន្តបង្រ្កាបបទល្មើសផ្សេងៗដែលខុសច្បាប់សំខាន់បទល្មើសនេសាទ និងបទល្មើសព្រៃឈើ។ ត្រូវត្រៀមលក្ខណៈឱ្យបានជាប់ជាប្រចាំដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្ត ម បានបន្តថា អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់​ សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រួមសហការគ្នាបន្តចុះពង្រឹងការអនុវត្តគោលនយោ​បាយភូមិ ឃុំមានសុវត្ថិភាពតាមមូលដ្ឋាន ។ ចុះត្រួតពិនិត្យការប្រើប្រាស់អាវុធជាតិផ្ទុះខុស​ច្បាប់បង្ក្រាបបទល្មើសផ្សេងៗ បញ្ហាចោរលួច ចោរប្លន់ ល្បែងស៊ីសង ​ជាដើម។ ឯកឧត្តបានបន្តថា កន្លងមក​​មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធដែលបានខិតខំបំពេញតួនាទី ភារកិច្ច ក្នុងកិច្ចការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានា នៅមូលដ្ឋានជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អង្គភាពជំនាញពាក់ព័ន្ធ បន្តអនុវត្តន៍វិធានការនានា ពិសេសការងារសន្តិសុខជាតិ ការកាប់ព្រៃលិចទឹក ការកាប់និងដឹកឈើរកស៊ីខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ការនេសាទខុសច្បាប់ ការសាងសង់សំណង់មួយចំនួនទៀតត្រូវបានដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយដោយគ្មានលិខិតអនុញ្ញាតច្បាប់ត្រឹមត្រូវ និងបង្កើនសកម្មភាពអនុវត្តន៍វិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅ។ ពិសេសត្រូវយកចិត្តទុកដាក់ផ្តោតការអប់រំឱ្យចំគោលដៅ និងគ្រួសារងាយរងគ្រោះ ឱ្យបានយល់ដឹងកាន់តែទូលំទូលាយ និង ស៊ីជម្រៅ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបាន ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ បៃ ស៊ីថុន