អាជ្ញាធរថា ស្ពានភ្ជាប់និស័្សយបារាយណ៍មេបុណ្យជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

MC៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ អះអាងថា ស្ពានភ្ជាប់និស័្សយបារាយណ៍មេបុណ្យដែលតភ្ជាប់រវាងប្រាសាទមេបុណ្យ និងប្រាសាទបន្ទាយឆ្មារ ជាគោលដៅទេសចរណ៍ថ្មីមួយទៀត នៃភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចូលចិត្តទស្សនាប្រាសាទបុរាណ និងធម្មជាតិ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា ស្ពានឈើថ្មើរជើងដែលប្រសិទ្ធនាមថា «ស្ពានភ្ជាប់និស្ស័យបារាយ៍មេបុណ្យ» ប្រវែង៨០០ម៉ែត្រ ទទឹង២ម៉ែត្រ ស្ថិតនៅភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនានៅតំបន់នោះ។
លោកមានប្រសាសន៍ថា ស្ពានដែលទើបតែសាងសង់ថ្មីនេះ ជាតំបន់រមណីយដ្ឋានដ៏មានសក្តានុពល ដោយសារមានប្រាសាទមេបុណ្យ ស្ថិតនៅខាងកើតប្រាសាទបន្ទាយឆ្មារជាង១ពាន់ម៉ែត្រ នៅទីនោះ និងមានបារាយណ៍ទឹកព័ទ្ធជុំវិញ។ ពោលគឺ ប្រាសាទមេបុណ្យនៅចំកណ្តាលនៃស្ពាននេះឆ្លងពីដែនដីគោកមកកាន់ទួលសហគមន៍ប្រាសាទមេបុណ្យនេះ។
សំឡេង «ប្រសាទបារាយណ៍មេបុណ្យ ជារណបមួយរបស់ប្រសាទបន្ទាយឆ្មារ គោលបំណងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា។ ភ្ញៀវចូលលេងគ្មានការទិញសំបុត្រនោះទេ ភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនាសេរី ។ រយៈពេលស្ពាននេះទើបសាងសង់ថ្មីនេះរយៈពេល ជាង៣ខែមុន ។អត្ថប្រយោជន៍ក្នុងវិស័យទេសចរណ៍អាចបង្កើនការងារដល់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ មានការងារធ្វើ។ ថ្ងៃធម្មតាក៏មានភ្ញៀវមកលេងដែរ ជាពិសេស ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានមានភ្ញៀវទេសចរ មកលេងច្រើន។ ភ្ញៀវមានជិត១ម៉ឺននាក់ កាលពីមានប្រាសាទបន្ទាយឆ្មារតែមួយមានភ្ញៀវមកលេងតិចទេតែតាំងពីមានស្ពានភ្ជាប់និស័្សយបារាយ៍មេបុណ្យនេះមកភ្ញៀវមកលេងកាន់តែច្រើន  »។
លោកបានណែនាំប្រជាសហគមន៍ និងអ្នកបម្រើសេវាកម្មទេសចរណ៍ទាំងអស់ ចូលរួមថែរក្សាបរិស្ថាននៅជុំវិញតំបន់ឲ្យបានល្អ ដើម្បីទាក់ទាញកំណើនទេសចរទៅទស្សនាកាន់តែច្រើនបន្ថែមទៀត៕