សង្គមស៊ីវិលរួមគ្នាជួយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីសម្រេចការអភិវឌ្ឍដោយចីរភាព

MC: ក្រុមសង្គមស៊ីវិល បានបង្ហាញជំហររួមគ្នាជួយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីសម្រេចទិសដៅនៃការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងអង្គការសហប្រជាជាតិ។

ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលមានសមាជិកជិត២០០អង្គការ សមាគម និងសហជីព កំពុងរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅសហគមន៍នៅទូទាំងប្រទេសកម្ពុជាលើផ្នែកអប់រំ ការទទួលបានសេវាសុខាភិបាល កសិកម្ម ការបណ្តុះបណ្តាល និងការងារ ជាដើម។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គការ សមាគម សហជីព និងសហគមន៍ដែលជាសមាជិកសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែតុលានេះ ឯកឧត្ដម បានបញ្ជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិលទាំងអស់នៅកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាល អាចបង្កើតឲ្យមានសហប្រតិបត្តិការ និងការជំរុញការសហការអនុវត្តគម្រោងអភិវឌ្ឍន៍រួមគ្នាដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ទោះជាយ៉ាងនេះក្តី លោក ឆែម រ័ត្ន មន្ត្រីបណ្តុះបណ្តាលច្បាប់នៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ចង់ឲ្យអង្គការ សមាគម សហជីព អនុវត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ចៀសវាងការបម្រើផលប្រយោជន៍ឲ្យគណបក្សនយោបាយ ដែលខុសពីលក្ខន្តិកៈនៃច្បាប់កំណត់។ ជាមួយគ្នានេះ ក៏ត្រូវចូលរួមអនុវត្តកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដើម្បីទទួលបានការអនុគ្រោះនានាលើការអនុវត្តការងាររបស់ខ្លួន។
សូមបញ្ជាក់ថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានបច្ចុប្បន្នសមាជិកចំនួន១៨៥ អង្គការ សមាគម សហជីព ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនាឆ្នាំ២០១៦ ដើម្បីសម្របសម្រួល ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជាមួយបណ្តាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដើម្បីធ្វើការពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗដែលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទៅលើផ្នែកលទ្ធិប្រជាធិបតេយ្យនិងសេរីភាពបញ្ចេញមតិក្នុងក្របខ័ណ្ឌច្បាប់ សុខុមាលភាព ការអប់រំ សិទ្ធិមនុស្សនិងការងារ ជាដើម៕
អត្ថបទ៖ វ៉ាង ភក្តី ៣០ ១០ ២០១៩