រាជរដ្ឋាភិបាល ជំរុញឱ្យកម្ពុជា ឡាវ និង មីយ៉ាន់មា សហការគ្នាក្នុងការដោះស្រាយបញ្ហាបញ្ជូនទេសន្តរប្រវេសន៍ ដើម្បីលើកកម្ពស់សុវត្ថិភាព និងផលប្រយោជន៍ពលករ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

ភ្នំពេញ៖ រាជរដ្ឋាភិបាល ជំរុញឱ្យ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា សហការគ្នាក្នុងការដោះស្រាយបញ្ហាបញ្ជូនទេសន្តរប្រវេសន៍ ដើម្បីលើកកម្ពស់សុវត្ថិភាព និងផលប្រយោជន៍ពលករ និងកាត់បន្ថយភាពរងគ្រោះក្នុងអំឡុងពេលនៃទេសន្តរប្រវេសន៍។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញឲ្យ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ត្រូវពិភាក្សាគ្នា ដើម្បីរិះរកគំនិតផ្តួចផ្តើមសមស្របណាមួយ ដើម្បីដំណោះស្រាយបញ្ហាប្រឈមលើការបញ្ជូនទេសន្តរប្រវេសន៍ ពីប្រទេសថៃ ធ្វើយ៉ាងណាធានាសុវត្ថិភាព និងផលប្រយោជន៍ពលករឲ្យកាន់តែប្រសើរ។
ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា(CLM)ស្តីពីតួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ សម្តេចក្រឡាហោម បញ្ជាក់ថា ការជំរុញសហការគ្នាក្នុងការដោះស្រាយបញ្ហាបញ្ជូនទេសន្តរប្រវេសន៍នេះ ដោយសារ ប្រទេសទាំងបី មានប្រជាពលរដ្ឋកំពុងទៅធ្វើការក្នុងប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់យ៉ាងច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងជួបបញ្ហាប្រឈម ក្នុងដំណើរការទេសន្តរប្រវេសន៍ តាំងពីចាកចេញ នៅកន្លែងធ្វើការ រហូតដល់ពេលត្រឡប់មកវិញ។
ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ នឹងពិភាក្សាដោយបើកចំហរជាលក្ខណៈមិត្តភាព ដើម្បីរកឱ្យឃើញនូវបញ្ហាដែលជាអាទិភាព និងបទពិសោធន៍ក្នុងការដោះស្រាយ និងគំនិតផ្តួចផ្តើមក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារសុវត្ថិភាព ព្រមទាំងសិទ្ធិ និងផលប្រយោជន៍របស់ពលករ និងប្រទេសជាតិផងដែរ។
លោកជំទាវ បញ្ជាក់ថាកន្លងមក ពលករ ប្រទេសទាំងបី កម្ពុជា ឡាវ ភូមា ត្រូវបានចាត់ទុកថា ជាពលករដែលគ្មានជំនាញ ឬមានជំនាញទាប (គឺជាកម្មករ និងជាអ្នកបម្រើ)។ ម្យ៉ាងទៀត ដោយសារព្រំដែននៃប្រទេសទាំងបី ជាប់ជាមួយប្រទេសថៃ បានធ្វើឱ្យការគ្រប់គ្រងលំហូរនៃទេសន្តរប្រវេសន៍មិនប្រក្រតីឆ្លងកាត់ព្រំដែន នៅតែបន្តកើតមាន ដែលជាហេតុធ្វើឱ្យពលករជាច្រើនប្រឈមនឹងហានិភ័យ និងភាពរងគ្រោះដោយអំពើជួញដូរ និងការកេងប្រវ័ញ្ចគ្រប់រូបភាពពីជនខិលខូចដែលឆ្លៀតឱកាសកេងប្រវ័ញ្ចផលប្រយោជន៍៕