ក្រសួងព័ត៌មានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យជួយផ្សព្វផ្សាយអំពាវនាវដើម្បីកៀរគរសប្បុរសជន ជួយដល់ក្រុមកីឡាករប្រណាំងទូក

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC  ក្រសួងព័ត៌មានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទំាងអស់ឲ្យជួយផ្សព្វផ្សាយអំពាវនាវដើម្បីកៀគរសប្បុរសជនឲ្យជួយដល់ក្រុមកីឡាករប្រណាំងទូក ដើម្បីមានលទ្ធភាព គ្រប់គ្រាន់ក្នុងការអញ្ជើញមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នាពេលដ៏ខ្លីខាងមុខនេះនៅរាជធានីភ្នំពេញ។

 

ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយសេចក្តីអំពាវនាវរបស់គណៈកម្មាការជាតិរៀបចំបុណ្យជាតិ -អន្តរជាតិ ស្តីពីការត្រៀមរៀបចំរង្វាន់ ដល់ក្រុមកីឡាករ កីឡាការិនីអុំទូកទាំងអស់ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម ប្រកបដោយបរិយាកាសសប្បាយរីករាយ។

 

យោងតាមសារលិខិត របស់គណៈកម្មាការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិង អកអំបុក ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១និងទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ មានក្រុមកីឡាករ កីឡាការិនីទូកអុំ ទូកចែវជាច្រើន មកពីក្រសួង ស្ថាប័ន អង្គភាពរាជធានី និងខេត្តនានាចូលរួមប្រណាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ ហើយនិងមានរៀបចំជារង្វាន់ដល់ក្រុមកីឡាករ កីឡាកាវិធីទូកអុំ ទូកចែវជាច្រើនទៀតផង។

 

ឆ្លៀតក្នុងឱកាសនេះសូមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្សព្វផ្សាយដល់សាធារណជនជាតិនិងអន្តរជាតិទាំងអស់ ជួយឧបត្ថម្ភជាថវិការ ឬគ្រឿង ឧបភោគ បរិភោគ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីបានជូនជារង្វាន់លើកទឹកចិត្ត ដល់ក្រុមកីឡាករ កីឡាការិនីទូកអុំ ទូកចែវដែលអញ្ចើញមកពីតាមបណ្តារាជធានីខេត្ត។

 

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងចាត់មន្ត្រីប្រចាំការ ត្រៀមទទួលអំណោយឧបត្ថម្ភ ពីសប្បុរសជនជាតិ-អន្តរជាតិ គ្រប់ពេលម៉ោងធ្វើការ នៅអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ៕