លោក C avusogu៖ តួកគីគ្រោងនឹងបញ្ជូនជនភៀសខ្លួន ២លាននាក់ ​ទៅកាន់ភាគខាងជើងនៃប្រទេសស៊ីរី 

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយកាលពីថ្ងៃអង្គារ​កន្លង​ទៅនេះ បន្ទាប់ពីកិច្ចពិភាក្សាជាទម្រង់ Astana ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក​ ស៊ែហ្គេ ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ា​ដ ហ្សារីហ្វ (Javad Zarif)ថា ប្រទេស​តួកគី​គ្រោងនឹងបញ្ជូនជនភៀសខ្លួនយ៉ាងតិច ២លាននាក់ទៅកាន់ភាគខាងជើង​ប្រទេស​​ស៊ីរី ជា​កន្លែងដែលទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការសន្តិភាពនិទាឃរដូវ។

លោក Cavusoglu បាននិយាយថា យើងមានគោលបំណងដើម្បីបញ្ជូនជនភៀសខ្លួន​ ហើយការវិលត្រឡប់នេះ​គួរតែមានសុវត្ថិភាព ដោយគួរតែត្រូវបានអនុវត្តន៍ស្របតាមច្បាប់​អន្តរជាតិ​ ក៏ដូចជាការសម្របសម្រួលជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។

លោកបានបន្ថែមថា យើងគិតថា ជនភៀសខ្លួន២លាននាក់ អាចនឹងវិលត្រឡប់មក​ទឹកដី​ដែល​បានរំដោះពីពួកភេរវករ។

លោក Cavusoglu ក៏បានហៅការចាប់ផ្តើមនៃគណៈកម្មាធិការធម្មនុញ្ញស៊ីរីថា​ ជាការ​បោះ​ជំហានទៅមុខដ៏ធំ និងក្លាហានមួយនៅក្នុងដំណើរការនៃការដោះស្រាយនយោបាយនៃ​វិបត្តិនៅស៊ីរី។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ីទួរគី និងអ៊ីរ៉ង់លោក Sergey Lavrov, លោក​​ Mevlut Cavusoglu និងលោក Javad Zarif បានជួបពិភាក្សាគ្នាក្នុងទំរង់ Astana នៅទីក្រុងហ្សឺណែវ​កាលពីថ្ងៃអង្គារ។

ពួកគេបានពិភាក្សាគ្នា អំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី និងការចាប់ផ្តើមនៃគណៈ​កម្មាធិការ​ធម្មនុញ្ញស៊ីរីដែលនឹងបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី៣០ ខែតុលានេះ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល)