លោក Trump បានអះអាងថា ប្រទេសកូរ៉េខាងត្បូង គឺជា « អ្នករំលោភបំពានដ៏ធំ » ត្រូវតែបង់ប្រាក់ចំនួន៦០ពាន់លានដុល្លារអាមេរិកដល់សហរដ្ឋអាមេរិក  

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — តាមកំណត់ត្រាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រធានា​ធិប​តីសហរដ្ឋ អាមេរិកលោក ដូណាល់ ត្រាំ បានហៅប្រទេសកូរ៉េខាងត្បូងថា ជាអ្នករំលោភ​បំពាន​ដ៏ធំមួយ ហើយបានអះអាងថា សម្ព័ន្ធមិត្តអាម៉េរិកមួយនេះគួរតែបង់ប្រាក់ ៦០ពាន់លាន​ដុល្លារអាមេរិកក្នុងមួយឆ្នាំ​សម្រាប់ការឈរជើងរបស់កងទ័ពអាម៉េរិកនៅក្នុងប្រទេសនេះ។

លោក Guy Snodgrass ដែលជាអតីតប្រធានផ្នែកប្រធានសុន្ទរកថា និងជាប្រធានផ្នែក​ទំនាក់​​ទំនងសម្រាប់​អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក James Mattis បានបើក​បង្ហាញនៅក្នុងសៀវភៅថ្មីរបស់លោក ដែលមានចំណងជើងថា ​« កាន់បន្ទាត់៖ នៅខាងក្នុងមន្ទីរ​ប៉ង់តាហ្គោនរបស់លោក Trump ជាមួយលេខាធិការ Mattis » ខណៈដែលលោកបានលើក​ឡើងពីកិច្ចជំនួបចំនួនពីរ រវាងលោក Trump និងក្រុមសន្តិសុខជាតិរបស់គាត់ នៅមន្ទីរបញ្ច​កោណកាលពីខែកក្កដា ឆ្នាំ ២០១៧ និងខែមករាឆ្នាំ ២០១៨ ។

តាមលោក Snodgrass បានឱ្យដឹងថា លោក Trump បានសាកសួរម្តងហើយម្តងទៀត​អំពីតម្លៃនៃការឈរជើងរបស់កងទ័ពអាម៉េរិកនៅឯក្រៅប្រទេស នឹងបានស្នើដល់មន្រ្តីជាន់​ខ្ពស់​រួមមានរដ្ឋមន្រ្តីការពារជាតិ Mattis ហើយនិងរដ្ឋមន្រ្តីក្រសួងការបរទេសបន្ទាប់លោក Rex Tillerson ថា តើកងទ័ពអាចត្រូវបានដកចេញពីប្រទេសមួយចំនួន មាន​ដូចជាកូរ៉េខាងត្បូង ជប៉ុន និងអាល្លឺម៉ង់ដែរឬយ៉ាងណា។

វាជាកិច្ចព្រមព្រៀងដែលបរាជ័យ ដោយលោក Trump ត្រូវបានគេដកស្រង់សម្តី​ដែលនិយាយកាលពីខែមករា ឆ្នាំ២០១៨ថា ប្រសិនបើ (កូរ៉េខាងត្បូង) ផ្តល់ប្រាក់ឱ្យយើង ៦០ពាន់​លានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាកងទ័ពរបស់យើងនៅបរទេសនោះ វាជាការមិនអីទេ។

បច្ចុប្បន្នសហរដ្ឋអាមេរិកដាក់កងទ័ពប្រហែល ២៨.៥០០នាក់ នៅកូរ៉េខាងត្បូង​ ដើម្បី​រារាំង​ការឈ្លានពានរបស់កូរ៉េខាងជើង។ វត្តមានកងទ័ពនេះ​ ក៏ត្រូវបានគេមើលឃើញថា ​ជាការប្រឆាំងនឹងការកើនឡើងនៃយោធារបស់ចិននៅក្នុងតំបន់។

កូរ៉េខាងត្បូង បានកាត់ថ្លៃមួយផ្នែកនៃការថែទាំរបស់ទាហានដោយយល់ ព្រមចំណាយ ៨៧០លានដុល្លារនៅឆ្នាំនេះ។ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោននាពេលថ្មីៗនេះ បានចាប់ផ្តើម​ចរចាគ្នា ដើម្បីបន្តកិច្ចព្រមព្រៀងចែករំលែកតម្លៃសម្រាប់ឆ្នាំក្រោយ ដោយមានរបាយការណ៍​មួយចំនួនបាននិយាយថា សហរដ្ឋអាមេរិកចង់ឱ្យកូរ៉េខាងត្បូងបង់ ៥ពាន់លានដុល្លារ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)