វៀតណាម និងនូវែលហ្សេឡង់ធ្វើកិច្ចសហប្រតិបត្តិការក្នុងការព្យាករណ៍អាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ — ប្រទេសវៀតណាម និងនូវែលហ្សេឡង់ នឹងធ្វើការងាររួមគ្នាដើម្បីអភិវឌ្ឍន៍ និងផ្តល់ព្រឹត្តិប័ត្រព្យាករណ៍អាកាសធាតុដោយផ្អែកលើក្រាហ្វិច និងកម្មវិធីតាមអ៊ិនធើណេតដែលអាចប្រើប្រាស់បាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាមួយ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ រវាងមជ្ឈមណ្ឌលសម្រាប់កម្មវិធីបច្ចេកវិទ្យាឧតុនិយម (HYMETEC) នៃរដ្ឋបាលឧតុនិយម និងជលសាស្រ្តវៀតណាម និងក្រុមហ៊ុនMetraWeather ដែលជាយីហោពាណិជ្ជកម្មអន្តរជាតិ នៃសេវាកម្មឧតុនិយមនៃប្រទេសនូវែលហ្សេឡង់។

យោងតាមកិច្ចព្រមព្រៀងនេះ  ក្រុមហ៊ុន MetraWeather នឹងផ្តល់ជូន HYMETEC នូវបច្ចេកវិទ្យាចុងក្រោយ និងសម្របសម្រួលជាមួយមជ្ឈមណ្ឌលដើម្បីបង្កើតវីដេអូខ្លី នៃការព្យាករណ៍អាកាសធាតុឌីជីថល ដែលបន្ទាប់មកនឹងត្រូវចែកចាយដល់ស្ថានីយទូរទស្សន៍ក្នុងស្រុកក្នុងប្រទេសវៀតណាម។

ក្រៅពីនេះ ពួកគេនឹងសហការផលិតផលិតផលធារាសាស្ត្រដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជាកសិកម្ម នាវាចរណ៍ និងអាកាសចរណ៍។

នៅក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅប្រទេសវៀតណាម លោក Wendy Matthews បាននិយាយថា កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាខ្ពស់ដែលត្រូវបានអភិវឌ្ឍន៍យ៉ាងល្អនៅក្នុងប្រទេសនូវែលហ្សេឡង់មកកាន់ប្រទេសវៀតណាម។

លោកបាននិយាយថា ផលិតផល និងសេវាកម្មបច្ចេកវិទ្យាខ្ពស់ កំពុងចូលរួមវិភាគទានយ៉ាង ស៊ីជម្រៅដល់ទំនាក់ទំនងរវាងវៀតណាម និងនូវែលហ្សេឡង់។

អ្នកការទូតរូបនេះបាននិយយបន្ថែមទៀតថា ការនាំចេញបច្ចេកវិទ្យា គឺជាប្រទេសដែលរកចំណូលបានច្រើនជាងគេលំដាប់ទី៣ សម្រាប់ប្រទេសនេះ ដែលរកចំណូលចូលប្រទេសបានចំនួន ១,១ប៊ីលានដុល្លារនូវែលហ្សេឡង់ (ស្មើនឹង ៦៩៨,៤លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ ២០១៨ ដែលកើនឡើងបាន ១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)