នាយករដ្ឋមន្រ្តីវៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងភរិយារបស់លោកនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងការបរទេសវៀតណាមបានប្រកាសថា ដំណើរចូលរួមកិច្ចប្រជុំនេះធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់ -អូចា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល ប្រទេសថៃនឹងប្រគល់តួនាទីជាប្រធានអាស៊ាន ទៅឱ្យប្រទេសវៀតណាម។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានប្រទេសចំនួន ១០ ជាសមាជិក គឺប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)