នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធអញ្ជើញជាអធិបតីក្នុងពិធីបើក  ថៃឌីជីថល D igital Thailand Big Bang 2019 

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូចា បានអញ្ជើញជាអធិបតី ក្នុងពិធីបើក«ឌីជីថលថៃ Big Bang ២០១៩៖  «ការតភ្ជាប់អាស៊ាន » ដែលជាពិព័រណ៍អន្ដរជាតិមួយ ក្នុងគោលបំណងជំរុញឱ្យភាគីទាំងអស់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី និងលើកកម្ពស់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

« ឌីជីថលថៃ Big Bang 2019៖ ការតភ្ជាប់អាស៊ាន » ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថល ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម។ នៅក្នុងព្រឹត្តិការណ៍នោះដែរ​នាយឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រគល់ពានរង្វាន់នាយករដ្ឋមន្រ្តី​ដល់បុគ្គលឆ្នើមៗ នឹងបានថ្លែងសុន្ទរកថា ស្តីពីតួនាទីរបស់ប្រទេសថៃ ក្នុងនាមជាប្រធាន​អាស៊ាន​បច្ចុប្បន្ន នឹងការតភ្ជាប់អាស៊ាន។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រទេសថៃត្រូវតែបង្កើតបរិយាកាសមួយ​ដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងអាស៊ាន។ វាចាំបាច់ណាស់ ក្នុងការជំរុញ​ការតភ្ជាប់រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងនៅក្នុងសហគមន៍ពិភពលោក។ បច្ចេក​វិទ្យា​ឌីជីថល ត្រូវតែផ្តល់ផលប្រយោជន៍ដល់គ្រប់ក្រុមទាំងអស់។ វាត្រូវតែមានការអភិវឌ្ឍ​បន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអាជីវកម្ម។ រដ្ឋាភិបាលបានបន្តប្រើប្រាស់បច្ចេកវិទ្យា​ជឿន​លឿនលើគ្រប់វិស័យ យោងតាមយុទ្ធសាស្ត្រជាតិ​ដោយមានគោលបំណងប្រែក្លាយ​ប្រទេស​ថៃទៅជាប្រទេសអភិវឌ្ឍន៍ពេញលេញ។ សន្តិសុខតាមអ៊ីនធឺណិត ក៏ជាបញ្ហាសំខាន់មួយ​ផងដែរ ហើយរដ្ឋាភិបាលបាននឹងកំពុងធ្វើការងារ​ដើម្បីប្រឆាំងនឹងការគំរាមកំហែង​តាមប្រព័ន្ធ​អ៊ីនធ័រណែតដូចជាការបោកប្រាស់ការវិនិយោគ និងករណីក្លែងបន្លំ។ គ្រប់ភាគីទាំងអស់ត្រូវ​ធ្វើ​ការរួមគ្នា ដើម្បីពង្រឹងសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត៕

(ប្រភព NNT: បកប្រែដោយលោក មាស សំអុល)