កសិករ នៅសង្កាត់សាមគ្គី ស្វែងរកការអន្តរាគមន៍សង្គ្រោះស្រូវ

វិទ្យុជាតិកម្ពុជា៖លោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.Cកសិករនៅសង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ធ្វើការងារបង្កបង្កើនផល ស្រូវកណ្តាល បានច្រើនជាងឆ្នាំកន្លងទៅ ប៉ុន្តែនៅចុងរដូវនេះ ស្រួវប្រមាណ២០០ហិកតា ត្រូវស្កក ដោយសារ ភាពរាំងស្ងួត ចំណែកប្រភពទឹកនៅឆ្ងាយខ្វះមធ្យោបាយសង្គ្រោះ។
ក្នុងសកម្មភាពសង្គ្រោះស្រូវកណ្តាលនៅភូមិកោះខនឌិនកាលពីថ្ងៃទី២៩ខែតុលា លោកយេនផល្លា កសិករនៅភូមិនេះបានបញ្ជាក់ថា៖ ប្រជាកសិករ ស្វែងរកការអន្តរាគមន៍និង គាំទ្រពីស្ថាប័នពាក់ព័ន្ធដើម្បីជួយសង្គ្រោះស្រូវដែលកំពុងចេញផ្លែផ្កា ព្រោះមានកសិករមួយចំនួន គាត់មានជីវភាពក្រីក្រ គ្មានលទ្ធភាពនិងមធ្យោបាយ សង្គ្រោះស្រូវរបស់ពួកគាត់បានឡើយ។ លោកថា៖នៅតំបន់នេះឆ្នាំនេះទឹកភ្លៀវបានអូសបន្លាយរហូតដល់ដើមខែសីហាទើបមានទឹកគ្រប់គ្រាន់ក្នុងការធ្វើការងារបង្កបង្កើនព្រោះកន្លែងមួយចំនួនកសិករយើងច្រើនពឹងផ្អែកទៅទឹកភ្លៀងតែប៉ុណ្ណោះ។
(សំឡេង)ព្រោះតាមព្យាករណ៍របស់ឧត្តុនិយមគេថាចាប់ពីថ្ងៃទី២៥ភ្លៀងតែបច្ចុប្បន្ននេះវាអត់ភ្លៀង អញ្ចឹងស្រូវវានិងថយទៅៗ ហើយមួយទៀតប្រភពទឹកនិងវានៅឆ្ងាយមកដល់នេះគិតមើលប្រហែលជាចង់ប្រហែលមួយកីឡូដីដែរព្រោះខាងនេះវាខ្វះប្រភពទឹក ។
លោកហេងធនក្រុមប្រឹក្សាសង្កាត់សាមគ្គីបានអះអាងថា៖តំបន់ស្រែស្រូវនៅភូមិកោះខនឌិននេះមានទំនប់ទឺក(បឹងតាឆាន)មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការងារបង្កបង្កើនផលតែអាជ្ញាធរនៅភូមិនេះគ្មានលទ្ធភាពក្នុងការជីកជាប្រឡាយរងនាំទឹកឱ្យមកដល់ស្រែប្រជាពលរដ្ឋសម្រាប់បូមដាក់ទេ។ លោកថា៖ស្រូវកសិករខ្លះបានប្រមូលផលហើយ តែនៅស្រូវស្រែប្រមាណ២០%ទៀតកំពុងរងភាពរាំងស្ងួត អាចខូចទាំងស្រុងនៅដើមខែវិច្ឆិការនេះ។
(សំឡេង)ផលប៉ះពាល់ដែល ខូចខាតនេះប្រហែល២០០ហិកតាចាប់ផ្តើមស្កក មិនដឹងថាដោះស្រាយយ៉ាងណា.។ស្តាយស្រូវដែលគ្នាប៉ុណ្ណេះហើយវាមិនដែលជួបប្រទះទេបើនិយាយទៅ ។
លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ការងារបង្កបង្កើនផលតែងជួបប្រទះបញ្ហាផ្សេងៗពីគ្នាដូចជាគ្រោះទឹកជំនន់-គ្រោះរាំងស្ងួត-សត្វល្អិតចង្រៃបំផ្លាញនិងកើតជម្ងឺផ្សេងៗជាដើម។លោកថា៖ចំពោះផលខូចខាតឆ្នាំនេះលោកនិងពិនិត្យជាក់ស្តែងហើយឆ្នាំខាងមុខនិងសហការជាមួយនិងមន្ត្រីជំនាញផ្នែកធនធានទឹករៀបចំជីកជាប្រឡាយរងដើម្បីដោះស្រាយបញ្ហានេះជូនកសិករឱ្យបានប្រសើរជាងនេះ។
សូមបញ្ជាក់ថា៖គិតមកដល់ចុងខែតុលាឆ្នាំ២០១៩នេះកសិករខេត្តស្ទឹងត្រែងប្រមូលផលស្រូវស្រាលនិងស្រូវចំការបានជាង៣០០០ហិចតាហើយទន្ទឹមនិងស្រូវកណ្តាលកំពុងផ្តល់និងប្រមូលផល បន្ថែមទៀតនោះ៕