ព្រះមហាក្សត្រថៃបន្តដកមន្ត្រីវាំងដែលរំលោភបំពានលើក្រិតក្រមចេញពីដំណែង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិជ្ជរ៉ាឡុងកន បានបណ្ដេញមន្ត្រីវំាង ០៤នាក់បន្ថែមទៀតនៅថ្ងៃអង្គារសប្ដាហ៍នេះដោយសារពួកគេធ្វើការមិនបានល្អ និងគ្មានភាពត្រង់ចំពោះព្រះមហាក្សត្រ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
យោងតាមប្រកាសរបស់ព្រះបរមរាជវាំងថៃបានឲ្យដឹងនៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០១៩ថា ព្រះមហាក្សត្រថៃបានបណ្តេញមន្ត្រី ៤ នាក់បន្ថែមទៀតដែលជាការភ្ញាក់ផ្អើលថ្មីបំផុតបន្ទាប់ពីការបណ្តេញមន្ត្រីវាំងចំនួន៦នាក់កាលពីសប្តាហ៍មុន។មន្រ្តីវាំងទាំង៦រូបដែលត្រូវបានបណ្ដេញចេញពីតំណែង គឺមាន២រូបជាឆ្មាំយាមក្រឡាបន្ទំ ដោយសារតែពួកគេប្រព្រឹត្តខុសធ្ងន់ធ្ងរ ដោយបានរំលោភបំពានលើក្រិតក្រម នៃការប្រព្រឹត្តសម្រាប់ព្រះរាជា។ ចំណែកឯមន្ត្រីពីរនាក់ទៀត ដែលជាយោធាប្រចាំរាជវាំង ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ សម្រាប់ការបំពេញតួនាទីមិនសាកសមជាឆ្មាំរាជវាំង។
សូមបញ្ជាក់ថាព្រះបាទ មហាវិជ្ជរ៉ាឡុងកន បានក្លាយជាព្រះមហាក្សត្រថ្មីនៃប្រទេសថៃ បន្ទាប់ពីអតីតព្រះមហាក្សត្រគឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលជាព្រះបិតារបស់ទ្រង់បានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦។
ប្រភព៖ សារព័ត៌មាន Channel News Asia