មនុស្សច្រើនកុះករសប្បាយរីករាយក្នុងពិធីប្រណាំងទូកនៅស្ទឹងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ — មនុស្សយ៉ាងច្រើនកុះករសប្បាយរីករាយនៅក្នុងពិធីប្រណាំងទូកនៅស្ទឹងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរខេត្តបានរៀបចំបើកការប្រណាំងកាលពីរសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីចូល រួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងគោល ដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិ ដែលមានជាយូរ​លង់ណាស់មកហើយ​នោះ ។ ពិធីនេះបានធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់៣០ ខែតុលា ឆ្នាំ២០១៩ដែល មានទូក ងចំនួន២៦ទូក មកពីបណ្តាវត្តក្នុងស្រុក ក្រុងរបស់ខេត្ត បានចូលរួមធ្វើការប្រកួតប្រ ជែងអុំ​ប្រណាំងនៅស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោ​ភ័ណ​នោះ។

ក្នុងពិធីបើកការប្រណាំងទូក​​នេះឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន មានប្រសាសន៍ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយ រំសាយការនឿយហត់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រមូលផលស្រូវស្រាលដើមរដូវ ​ទាំងនៅក្នុង ខេត្តក៏ដូចជាមកពីបណ្តាលខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំ ទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងមកដល់នៅថ្ងៃទី១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ​។

ឯកឧត្តម ​អ៊ុំ រាត្រី​ បានគូសបញ្ជាក់ថា ពិធីប្រណាំងទូកនេះ គឺជាការឧទ្ទិសដល់វីរៈ​កង ទ័ពជើងទឹក នៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពាន​របស់សត្រូវ។ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គាដែលបានដឹកនាំដីល្បាប់ដ៏ មានជីវជាតិមកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករ ទទួលផលល្អប្រសើរសម្រាប់ ជីវ​​ភាព​ប្រកបដោយភាពសុខក្សេមក្សាន្ត។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរម្លឹកដល់ចំណុះទូកទាំងអស់ ត្រូវគោរពនូវ វិន័យការប្រកួត ត្រូវចេះសាមគ្គីគ្នា ត្រូវបង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែងក្នុងប្រកួតដណ្តើម យកជ័យជម្នះដើម្បី​សម្រាប់វត្ត ឬមូលដ្ឋានរបស់ខ្លួន។

នៅក្នុងឱកាសនេះដែរឯកឧត្តម អ៊ុំ រាត្រី បានក្រើនរម្លឹកទៅកាន់ដល់ស្រទាប់មហាជន​ទាំងអស់ពិសេសយុវជនត្រូ វនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំង អស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវ​ច្បាប់ចរាចរណ៍ផ្លូវគោក។ជា មួយ​នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​សូមចូល រួមទទួលទានអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានគ្រប់គ្នានៅថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះជាថ្ងៃបុណ្យឯករាជ្យជាតិ ដែលនឹងរៀបចំនៅគ្រប់ទីកន្លែងតាមភូមិឋាន​វត្ត​អារាមជាដើម។

ក្រៅពីការចូលទស្សនាការប្រណាំងទូកនៅពេលរាត្រី ប្រជាពលរដ្ឋក៏បានទៅកម្សាន្ត​កន្លែងបណ្តែតប្រទីបនៅស្ទឹងសិរីសោភ័ណក្បែរស្ពានថ្ម សង្កាត់ព្រះពន្លា និងទីកន្លែងប្រគុំតន្ត្រី​មហោស្រពប្រឡងចម្រៀងបុរាណ សម័យ ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយនិងសមិទ្ធ​ផលនានារបស់រដ្ឋបាលខេត្ត ព្រមទាំងមានការរៀបចំការប្រកួតកីឡាប្រដាល់ រួមនឹងកម្មវិធី ផ្សេងៗនៅបរិវេណសួន​មានជ័យ​ ក្រុងសិរីសោភ័ណ​ ទៀតផង ៕

ដោយឈុន សារ៉ាត