ក្រសួងកសិកម្មបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជជីវៈផ្នែកកសិកម្មនៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនឹងបង្កើតអោយមានមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជជីវៈផ្នែកកសិកម្មនៅខេត្តស្ទឹងត្រែងដើម្បីបង្ហាត់បង្រៀនកសិករនៅតាមបណ្តាខេត្តភូមិភាគឥសាន ឱ្យមានចំណេះដឹង ត្រឹមត្រូវ សម្រាប់ជាមូលដ្ឋានជួយកសិករធ្វើដំណាំកសិកម្មបានល្អ ។
ក្នុងពិធីជួបសំណេះសមណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៨ខែតុលា ឯកឧត្តម វេងសុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖មជ្ឈមណ្ឌលបណ្ដុះបណ្តាលនេះជាប្រភពជួយជំរុញឱ្យមានកំណើន សេដ្ឋកិច្ចជាតិទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលព្រោះបច្ចុប្បន្នប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៃភូមិភាគឥសានកំពុងផុលផុសដាំដំណាំកសិកម្ម។ឯកឧត្តម មានប្រសាសន៍បន្តថា៖ដើម្បី ជំរុញកសិករឱ្យឈានទៅអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើបកម្ម ធននិងការប្រែប្រួលអាកាសធាតុ ក្រសួងរៀបចំយន្តការ ផ្ដល់ផ្នែកបច្ចេកទេសបន្ថែមក្នុងការធ្វើកសិកម្ម។
(សម្លេង) ដូច្នេះត្រូវតែពង្រីកមជ្ឈមណ្ឌល ឱ្យធំ ហើយ ចុងក្រោយនេះក៍ត្រូវធ្វើទំនើបកម្មឱ្យធំជាងដែលមជ្ឈមណ្ឌលនេះត្រូវដាំដំណាំចំរុះតែម្តងដែលអាចទៅបណ្តុះបណ្តាលប្រជាជនឱ្យបានមើលឃើញថា បច្ចេកវិទ្យាយើងការដាំដុះយើងវារីកចំរើនយ៉ាងម៉េច មិនមែនតែយើងធ្វើតែកន្លែងបណ្តុះបណ្តាល កន្លែងស្នាក់នៅនោះទេយើងត្រូវតែមានការដាំដុះបង្ហាញនិងការចិញ្ចឹមត្រីអីផងនៅទីតាំងនោះដែលជាភូមិសាស្ត្រល្អនៅជាប់ជាមួយនិងអាងទឹកសេសាន២ដែលមានប្រភពទឹកល្អធ្វើជាលក្ខណៈចំរុះតែម្ដងដើម្បីឱ្យប្រជាជនបានរៀនសូត្របញ្ហានេះត្រូវតែខិតខំប្រឹងប្រែង។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍គាំទ្រចំពោះផែនការនេះព្រោះវាជាគោលបំណងដែលខេត្តចង់ហើយខេត្តបានត្រៀមទីតាំងដែលមានផ្ទៃដីប្រមាណ៦០០ហិកតានៅជិតតំបន់វារីអគ្គិសនីសាសានក្រោម២ សម្រាប់ធ្វើការឱ្យសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជជីវៈផ្នែកកសិកម្មនេះព្រោះវាមានប្រភពទឹកគ្រប់គ្រាន់។
លោកលៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានទទួលស្គាល់ថា៖តំបន់នោះពិតជាមានភាពងាយស្រួលមែនព្រោះបានប្រើប្រាស់ទឹកទំនប់ហើយប្រជាកសិកររស់នៅតំបន់នោះច្រើន។លោកបន្ថែមថាមួយវិញទៀតអាចបង្កលទ្ធភាពសម្រាប់កសិករមកពីខេត្តចំនួន៤ផ្សេងទៀតដូចជាខេត្តក្រចេះ-មណ្ឌលគីរី រតនគីរី និងព្រះវិហារមករៀនសូត្របានជិតមិនចំណាយថវិកាទៅឆ្ងាយ។
សូមបញ្ជាក់ថា៖មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជជីវៈផ្នែកកសិកម្ម បច្ចុប្បន្នមាននៅខេត្តតាកែវ-កំពុងចាម-និងរាជធានីភ្នំពេញតែប៉ុណ្ណោះ៕