ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដក EBA ពីកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក ម៉ឹង កុសល់

ភ្នំពេញ៖ ឯកឧត្តម យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បន្តប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដក ដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។

ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលឯកឧត្តម យ៉ាណូស អាឌ័រ ជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។ឯកឧត្តម យ៉ាណូស អាឌ័រ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ ឯកឧត្តមបានបង្ហាញការស្ញប់ស្ញែងចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានមើលឃើញថា ភាពរីកចម្រើនរបស់កម្ពុជា គឺមានការចូលរួមចំណែកដ៏សំខាន់ពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនៅលើទីផ្សារអឺរ៉ុប។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតីបានប្រកាសមិនគាំទ្រឡើយចំពោះគម្រោងដក EBA ពីកម្ពុជា។ ឯកឧត្តមប្រធានាធិបតីហុងគ្រី ដែលធ្លាប់បានបម្រើការងារជាសមាជិកសភាអឺរ៉ុបដែរនោះបានអះអាងថា ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប ឯកឧត្តមនឹងប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅលើទីផ្សារអឺរ៉ុប។ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតីហុងគ្រី ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា និងជួយការពារកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសដោយចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕