ក្រុមព្រះខ័នរាជស្វាយរៀង ទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — គណៈកម្មការបាល់ទាត់កម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រារព្ធពិធី ប្រគល់ពានរង្វាន់ជូនដល់ក្រុមព្រះខ័នរាជស្វាយរៀង ដែលឈ្នះជើងឯក កាលពីយប់ថ្ងៃ​អាទិត្យ​ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្ដស្វាយរៀង ក្រោយបញ្ចប់ការ​ប្រកួត​សប្តាហ៍ទី២៥ ជាមួយអាស៊ីអឺរ៉ុបយូណាយធីត ដោយបានយកឈ្នះ ក្នុងលទ្ធផល ៦ទល់១។

ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ព្រះខ័នរាជស្វាយរៀងទទួលបានពាន​រង្វាន់ និងមេដាយមាស អមដោយប្រាក់រង្វាន់ចំនួន ៦០លានរៀល ដោយក្រុមនេះ​បានឈ្នះ​ពានជើងឯកតាំងពីសប្តាហ៍ទី២៤ មកម្លេះ ដោយសារឈ្នះពិន្ទុដាច់។ ២៥ប្រកួតរបស់​ព្រះខ័ន​រាជស្វាយរៀង ឈ្នះ២០ប្រកួត ស្មើ៥ប្រកួត មាន៦៥ ពិន្ទុ ខណៈវិសាខា និងណាហ្គាវើលដ៏ ដែល​ឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ រកបាន១ពិន្ទុបន្ថែមដូចគ្នា ក្រោយក្រុមទាំងពីរ​នេះប្រកួតជាមួយគ្នា រក្សាបានលទ្ធផលស្មើគ្នា ២ទល់២។

ចំពោះ៥ប្រកួតផ្សេងទៀត បញ្ចប់សប្តាហ៍ទី២៥នេះដែរ រួមមាន៖ អង្គរថាយហ្គឺរស្មើជា​មួយ​ភ្នំពេញក្រោន ២-២, ក្រសួងការពារជាតិឈ្នះអគ្គិសនីកម្ពុជា ៥-១, វិសាខាស្មើជាមួយ​ណាហ្គាវើលដ៏ ២-២, យុវជនបាទី ស្មើ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-៤, ខេត្តកំពង់​ចាម ចាញ់គិរីវង់សុខសែនជ័យ 0-៥ ខណៈបឹងកេតយក ឈ្នះ ៣ទល់១។ ក្រុមទាំងអស់​នៅសល់១ប្រកួតទៀត នៅក្នុងដៃដូចៗគ្នា ដើម្បីបញ្ចប់ការប្រកួតលីគ សម្រាប់ ២៦ប្រកួត​ក្នុង១ក្រុមៗ ក្នុងចំណោមក្រុមទាំង១៤៕

ដោយ ហេង ណាលីន