មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកចិន៖ ចិន នឹងចែករំលែកបច្ចេកទេសសម្រាប់ជួយបណ្ដុះ​បណ្ដាល​ដល់ប្រទេសនៅតាមដងទន្លេមេគង្គលើការគ្រប់គ្រងទឹក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកចិន បានលើកឡើងថា ចិន នឹងចែករំលែកផ្នែកបច្ចេកទេស​សម្រាប់ជួយបណ្ដុះបណ្ដាលដល់បណ្ដាប្រទេសអាស៊ានដែលស្ថិតនៅតាមដងទន្លេមេគង្គទាក់ទងនឹងការគ្រប់គ្រងទឹក ដើម្បីធានាការប្រើប្រាស់ទឹកឱ្យមានសុវត្ថិភាព និងចីរភាព​។ ការ​លើកឡើងនេះ ក្នុងឱកាសជួប​​ជាមួយអ្នកសារព័ត៌មានមកពីប្រទេសអាស៊ានពាក់ព័ន្ធ​​នឹង​ការ គ្រប់គ្រងទឹកនៅក្នុងប្រទេសចិន កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីស្ដីការក្រសួងធន​ធាន​ទឹកចិន ក្នុងទីក្រុងប៉េកាំង។

ឯកឧត្ដម Yu Xingjun អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាសាស្រ្ដ និងទំនាក់​ទំនងអន្ដរជាតិ ក្រសួងធនធានទឹកចិន បានគូសបញ្ជាក់ថា ការចែករំលែក និងជួយបណ្ដុះ​បណ្ដាលផ្នែកបច្ចេកទេស និងការគ្រប់គ្រងទឹកដល់បណ្ដាប្រទេសនៅតាមដងទន្លេមេគង្គនេះ ក្នុងគោលដៅ ដើម្បីរួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងសម្រាប់ការគ្រប់គ្រងទឹកប្រកប​ដោយ​គុណ​ភាព និងសុវត្ថិភាព​ ជាពិសេសការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព។ ឯកឧត្ដមបានបន្ដថា កន្លងមក ការគ្រប់គ្រងទឹកនេះ គឺគម្លាតនៃការអភិវឌ្ឍមិនស្មើ​ភាពគ្នា សម្រាប់បណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ ដោយប្រទេសខ្លះមានការអភិវឌ្ឍលឿន ប្រទេស​ខ្លះទៀតមានការអភិវឌ្ឍយឺត ដែលជាបញ្ហាមួយត្រូវបានលើកឡើងជាញឹកញាប់នៅ​ក្នុងកិច្ចប្រជុំរវាងបណ្ដាប្រទេសតាមដងទន្លេមេគង្គជាមួយនឹងចិន។

ជាមួយគ្នានេះ រដ្ឋាភិបាលចិន បានដាក់ចេញនូវគោលការណ៍ និងផែនការច្បាស់លាស់​ក្នុងការគ្រប់គ្រងទឹក ប្រភពទឹក ការរក្សាទឹក ការសន្សំសំចៃទឹក និងការផ្គត់ផ្គង់ទឹកប្រក​ប​ដោយគុណភាព សុវត្ថិភាព ព្រមទាំងមានយុទ្ធសាស្រ្ដក្នុងការបែងចែកទឹក និងប្រើប្រាស់​ទឹក​បានត្រឹមត្រូវនៅទូទាំងប្រទេស។ ឯកឧត្ដមអគ្គនាយកបានលើកឡើងថា រដ្ឋាភិបាលចិន នឹងបន្ដទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសអាស៊ាន និងប្រទេស​ក្នុងតំបន់ ក្នុងការគ្រប់គ្រងទឹក ជាពិសេសប្រទេសនៅតាមដងទន្លេមេគង្គ និងឡានឆាង ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងឆ្លើយតបទៅនឹងតម្រូវការប្រភពទឹក និងការប្រើ​ប្រាស់ទឹកប្រកបដោយនិរន្ដរភាព។

ឯកឧត្ដមបានបន្ថែមថា នេះគឺជាគោលបំណង ​និងកិច្ចសហប្រតិបត្ដិការរវាងឡានឆាង-មេគង្គ ក្នុងការពង្រឹងភាពជាដៃគូលើការអភិវឌ្ឍ និងលើកកម្ពស់ការគ្រប់គ្រងទឹក​ប្រកប​​ដោយគុណភាព និរន្ដរភាពជាមួយបណ្ដាប្រទេសក្នុងតំបន់ និងបណ្ដាប្រទេសនៅតាមដង​ទន្លេ​មេគង្គទាំង​នៅ​ក្នុងពេលបច្ចុប្បន្ន និងអនាគត៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង