វៀតណាម និងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបត្តិការ នៅតាមបណ្តាតំបន់ដែលមានសក្តានុពល

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំសិក្ខាសាលាមួយនៅទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ Sharm El Sheikh ដើម្បីស្វែងរកវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ ជាពិសេសវិស័យសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។

ថ្លែងអំពីមុខងារនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Tran Thanh Cong បាននិយាយថា ប្រទេសទាំងពីរមើលឃើញពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហការទេសចរណ៍។ ប៉ុន្តែចំនួនភ្ញៀវទេសចរអេហ្ស៊ីប   មកកាន់ប្រទេសវៀតណាមនៅតែមានចំនួនតិចតួច ខណៈដែលពួកគេនៅខ្វះព័ត៌មានអំពីប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។

លោកបាននិយាយថា ដូច្នេះសិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីរូបភាព និងទិសដៅទេសចរណ៍របស់វៀតណាមដល់មិត្តភក្តិអេហ្ស៊ីប ដើម្បីជួយក្នុងការបង្កើនចំនួនភ្ញៀវទេសចរមកពីប្រទេស អាហ្វ្រិកខាងជើងមួយនេះ។

លោកបានកត់សម្គាល់ថា លោក Florin Macovei អ្នកប្រាជ្ញមកពីរ៉ូម៉ានីបាននិយាយថា ប្រទេស វៀតណាមគួរតែលើកកម្ពស់សក្តានុពល និងភាពខ្លាំងរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយបន្ថែមទៀតនូវតំបន់ទេសចរណ៍ល្បីៗរបស់ខ្លួនដល់ភ្ញៀវទេសចរអន្តរជាតិ។

យោងតាមលោក Mohamed Rabie El-Sherbini មកពីទីក្រុង Alexandria របស់ប្រទេសអេហ្ស៊ីបបានឱ្យដឹងថា ប្រជាជនអេហ្ស៊ីបចាំបាច់ត្រូវមានព័ត៌មានបន្ថែមអំពីប្រទេសវៀតណាម មិនត្រឹមតែអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែត្រូវដឹងបន្ថែមទៀតទាំងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ទៀតផង។

ក្នុងអំឡុងពេលនៃសិក្ខាសាលានេះ អ្នកតំណាងស្ថានទូតវៀតណាមបានបង្ហាញរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងវៀតណាម និងអេហ្ស៊ីប ក៏ដូចជាបង្ហាញអំពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លេចធ្លោរបស់វៀតណាមផងដែរ។

ខ្សែភាពយន្តឯកសារដែលបង្ហាញអំពីទេសភាព និងប្រជាជនវៀតណាម ត្រូវបានដាក់បញ្ចាំងរួមជាមួយការបង្ហាញនូវរូបភាពវត្ថុ សៀវភៅ កាសែត និងការបោះពុម្ពផ្សាយ ស្តីពីទេសចរណ៍ និងផលិតផលសិប្បកម្មរបស់វៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)