ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះឥទ្ធិពលកូនព្យុះម៉ាត់ម៉ូដែលនឹងធ្វើឲ្យកម្ពុជាបន្តធ្លាក់ភ្លៀងពីមធ្យមទៅច្រើន

វិទ្យុជាតិកម្ពុជា៖ ស្រីផល 28,10,2109៖

ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះឥទ្ធិពលកូនព្យុះម៉ាត់ម៉ូ ដែលនឹងធ្វើឲ្យកម្ពុជា បន្តធ្លាក់ភ្លៀង ពីមធ្យមទៅបង្គួរ ដោយលាយឡំជាមួយផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី០១ ដល់០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈនៃការតាមដាន នូវលក្ខណៈអាកាសធាតុ ប្រចាំក្នុងតំបន់និងសំរាប់កម្ពុជា ឃើញថា មានសម្ពាធទាបសកម្មមួយ(Active Low Pressure)កំពុងចូលមកដល់ក្នុងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យសម្ពាធទាបសកម្មនេះ និងវិវត្តន៍ខ្លួនជាលំដាប់ទៅជាកូនព្យុះ(Tropical Storm) ទី២២ ដែលមានឈ្មោះម៉ាត់ម៉ូ(MATMO) ចូលដល់ភាគខាងត្បូងវៀតណាម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មក ព្យុះនេះនិងបន្ថយឥទ្ធិពល ទៅជាសម្ពាធទាបសកម្ម(Active Low) រួចចូលមកកម្ពុជាយើងភាគខាងត្បូង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ប្រភពដដែល បានបន្តថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា បណ្តារាជធានីខេត្តនានានិងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះមាន តំបន់វាលទំនាបកណ្តាល តំបន់មាត់សមុទ្រ និងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន។ ចំពោះបណ្តាខេត្តដទៃទៀត និងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យម ទៅបង្គួរ ។
ដូច្នេះ សូមសាធារណៈជនមានការប្រុងប្រយ័ត្នចំពោះ ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្លាំង ជាដើម។