សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់រថយន្តថ្មី ១គ្រឿងសម្រាប់ថតផ្សាយផ្ទាល់ និងបំពងសំលេង ដល់អគ្គនាយកដ្ឋានវិទ្យុជាតិ

វិទ្យុជាតិកម្ពុជា លោក អុឹម ភិរក្សនារីរតន:

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់រថយន្តថ្មី ១គ្រឿងសម្រាប់ថតផ្សាយផ្ទាល់ និងបំពងសំឡេង ដល់អគ្គនាយកដ្ឋានវិទ្យុជាតិបំរើការផ្សាយបុណ្យជាតិធំៗនិងផ្សព្វផ្សាយជូនដល់សាធារណជនឱ្យកាន់តែទូលំទូលាយថែមទៀត ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៧ខែតុលានេះ បាននាំយកសម្ភារៈបំរើការផ្សព្វផ្សាយយ៉ាងសន្ធឹកសន្ធាប់ ជូនដល់វិទ្យុជាតិកម្ពុជា មានដូចជារថយន្តផ្សាយចល័តមួយគ្រឿង ឧគ្ឃោសនាសព្ទ(មេក្រូ)មេក្រូហ្វូន មិចស៊័រ កុំព្យូទ័រជាដើម ដើម្បីបំរើដល់ការបំពងសំឡេងនៅក្នុងឱកាសបុណ្យជាតិ ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រខែនិង អកអំបុកនាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានអៈអាងថា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានេះ គឺដើម្បីលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិអោយកាន់តែមានឥទ្ធិពល
បំរើការស្តាប់របស់ប្រជាពលរដ្ឋ។
លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា មានប្រសាសន៍ថា សម្ភារៈគ្រឿងបំពងសំឡេងដែលផ្ដល់ដោយរាជរដ្ឋាភិបាលនៅពេលនេះគឺបានផ្ដល់នូវប្រយោជន៍ជាច្រើនសម្រាប់បំរើដល់ការផ្សាយព្រឹត្តិការណ៍បុណ្យជាតិធំៗតាមរយៈវិទ្យុជាតិកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងនៅកន្លែងប្រាព្ធពិធី និងនៅតាមគេហដ្ឋាន ទូទាំងប្រទេស។ លោកជំទាវបានបន្តថា សម្ភារៈទាំងនេះគឺឆ្លើយតបបានតាមតម្រូវការចាំបាច់របស់វិទ្យុជាតិកម្ពុជា ស្របទៅតាមភាពជឿនលឿននៅបច្ចេកវិទ្យាព័ត៌មានដើម្បីបំពេញសេចក្តីត្រូវការ និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានលឿនរហ័សច្បាស់លាស់ និងមានការទុកចិត្តពីប្រជាពលរដ្ឋអ្នកស្ដាប់គ្រប់មជ្ឈដ្ឋាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់នូវសម្ភារៈគ្រឿងបំពងសំឡេងដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានេះមានចំនួន៣០មុខ និងរថយន្តផ្សាយចល័តមួយគ្រឿង ៕