ក្រុមយុវជនស្ម័គ្រចិត្តរួមគ្នាថែរក្សាអនាម័យបរិស្ថាននៅកន្លែងប្រារព្ធពិធីប្រណាំងទូកក្នុងក្រុងស្វាយរៀង

វិទ្យុជាកម្ពុជា:លោកស្រីហាន់ ស្រីណា
MC:ក្រុមយុវជនស្ម័គ្រចិត្តរួមគ្នាថែរក្សាអនាម័យបរិស្ថាននៅកន្លែងប្រារព្ធពិធីប្រណាំងទូកក្នុងក្រុងស្វាយរៀងដើម្បីធានាឱ្យតំបន់ជុំវិញកន្លែងប្រារព្ធពិធីនៅតែរក្សាបានអនាម័យស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងពិធីនេះ។

ក្រុមយុវជនស្ម័គ្រចិត្តខេត្តស្វាយរៀងស្វាយរៀងប្រមាណជិត១០០នាក់បានរួមគ្នាដើររើសសំរាមនិងក៏ ដូចជាប្រមូលសំរាមនៅជុំវិញកន្លែងប្រារព្ធពិធីបុណ្យអុំទូកឋិតនៅក្នុងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី 27 ខែតុលាឆ្នាំ 2019 នេះស្ថិតនៅក្នុងទន្លេវ៉ៃគោក្រុងស្វាយរៀងខេត្តស្វាយរៀង ខណៈដែលប្រជាពលរដ្ឋបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះយ៉ាងច្រើនកុះករ។
លោក ប្រាក់សាឡួន តំណាងក្រុមយុវជនស្ម័គ្រចិត្តដែលបានចូលរួមរើសសំរាមនៅក្នុងពិធីប្រណាំងទូកនេះបានឲ្យដឹងថាការចូលរួមរើសសំរាមនៅក្នុងពិធីនេះគឺដើម្បីជួយលើកកម្ពស់សោភ័ណភាពអនាម័យបរិស្ថាននៅក្នុងទីតាំងប្រារព្ធពិធីឲ្យបានស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសារក្រើនរំលឹកមួយដល់ប្រជាពលរដ្ឋដែលមកលេងនៅក្នុងតំបន់នេះឲ្យចេះរួមគ្នាថែរក្សាអនាម័យបរិស្ថានបោះចោលសំរាមឲ្យបានត្រឹមត្រូវដែលធ្វើឲ្យកន្លែងពិធីនៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំ។
លោកបានបញ្ជាក់ថា ការរក្សាបានអនាម័យបរិស្ថាននៅក្នុងកន្លែងប្រារព្ធពិធីនេះមិនត្រឹមតែបម្រើដល់វិស័យទេសចរណ៍ទេថែមទាំងជួយលើកកម្ពស់មុខមាត់របស់ខេត្ត និងធានាឲ្យប្រជាពលរដ្ឋមានសុខភាពល្អជាដើម។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវពិសេសការបោះចោលសំរាមនៅក្នុងធុងសំរាមដើម្បីធ្វើឲ្យតំបន់ប្រណាំងទូកក្នុងក្រុងស្វាយរៀងកាន់តែមានសោភ័ណភាពស្រស់ស្អាតគ្មានសំរាមរាយប៉ាយគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ។
ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអោយដឹងថា នៅក្នុងពិធីប្រណាំងទូកដែលរៀបចំដោយរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ២៧ខែតុលានេះអាជ្ញាធរបានដាក់ពង្រាយធុងសំរា
មយ៉ាងច្រើនគ្រប់ច្រកល្ហកដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានបោះចោលសំរាមឲ្យបានត្រឹមត្រូវ៕