យុវតីឆ្នើមកម្ពុជា៣រូប ទទួលបានអាហារូបករណ៍អាស៊ានឆ្នាំ២០២០ សម្រាប់បន្ដការសិក្សានៅ​ប្រទេស​សិង្ហបុរី រយៈពេល៤ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — យុវតីឆ្នើមកម្ពុជាចំនួន៣រូប បានប្រឡងជាប់ទទួលបានអាហារូបករណ៍«អាស៊ានឆ្នាំ២០២០» ដើម្បីទៅបន្តការសិក្សានៅប្រទេសសិង្ហបុរីរយៈពេល៤ឆ្នាំ តាមរយៈស្ថាន ទូតសិង្ហបុរីប្រចាំ នៅកម្ពុជា។

ថ្លែងក្នុងពិធីជួបជុំសិស្សដែលទទួលបានអាហារូបករណ៍ទាំង៣រូប កាលពីល្ងាច ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា ឯកឧត្ដម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជាបាន លើកឡើងថា អាហារូបករណ៍អាស៊ានត្រូវបាន​ប្រគល់ឱ្យ​បេក្ខជនដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងតឹងតែង និងច្បាស់លាស់ ហើយត្រូវ​បាន​វាស់ស្ទង់ដោយលទ្ធផលនៃការសិក្សារបស់បេក្ខជនអាស៊ាននៅក្នុងឆ្នាំសិក្សានេះ។ ឯកឧត្ដមបញ្ជាក់ថា ជ័យលាភីអាហារូបករណ៍នេះត្រូវបានប្រគល់ ឱ្យបេក្ខជនដោយផ្អែក​លើសមត្ថភាព របស់បេក្ខជនផ្ទាល់។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា សិង្ហបុរីបានប្តេជ្ញា​ចិត្តថានឹងបន្តភាពជាដៃគូរបស់ខ្លួនជាមួយនឹងកម្ពុជាលើការកសាងសមត្ថភាព ជាពិសេស​ការកសាងធនធានមនុស្ស និងវិស័យអប់រំ។

ឯកឧត្ដមបន្ថែមថា “អាហារូបករណ៍អាស៊ានគឺគន្លឹះមួយសម្រាប់ឈានទៅរកឱកាស​នៃភាពជោគជ័យ ហើយការសិក្សារបស់បេក្ខជននាពេលអនាគត នឹងពិតជាមានឧបសគ្គច្រើន ដែលតម្រូវឱ្យបេក្ខជនត្រូវតែខិតខំរៀនសូត្រ ដើម្បីប្រកួតប្រជែង ជាមួយសិស្សពូកែៗ នៅក្នុងថ្នាក់ របស់ពួកគេ ក៏ដូចនៅក្នុងជំនាន់ជាមួយពួកគេផ្ទាល់”។

ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ថា ការជាប់ជ័យលាភីអាហារូបករណ៍អាស៊ាន ឆ្នាំ២០២០ ទៅសិក្សានៅសិង្ហបុរី របស់យុវតីកម្ពុ ជាទាំង០៣រូបនេះ គឺជាការសិក្សាមួយឆ្លើយតបនឹងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ឬការ​សិក្សាសម័យទំនើបជឿនលឿន។ ឯកឧត្ដមបានចាត់ទុកថា ការអប់រំបែបទំនើប នឹងធ្វើឱ្យ​សិស្សកាន់តែពូកែ ហើយនៅពេលដែលសិស្សពូកែ មានប្រជាពលរដ្ឋល្អ ដែលនឹងធ្វើឱ្យ​សេដ្ឋ​កិច្ច​ជាតិ កាន់តែរីកចម្រើនផងដែរ។ ឯកឧត្ដមរដ្ឋលេខាធិការរំពឹងថា យុវតីទាំង០៣រូប នឹងក្លាយជាទំពាំងដ៏ល្អសម្រាប់ជាតិ។ ឯកឧត្ដមបានគូសបញ្ជាក់ថា “ដូចយើងដឹងស្រាប់ ហើយថា សម័យនេះជាសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលវិទ្យាសាស្ត្រនេះឡើងគ្រប់បែប យ៉ាង ហើយពិសេសការបណ្តុះបណ្តាល ក៏ត្រូវមានការផ្លាស់ប្តូរ ដើម្បីធ្វើឱ្យខឿនសេដ្ឋកិច្ច​យើងដើរទាន់ការផ្លាស់ប្តូរនៃបច្ចេកវិទ្យានេះ។ ទន្ទឹមនេះ ការអប់រំដើរតួរសំខាន់ ព្រោះធនធាន​មនុស្សជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច បើធនធានមនុស្សយើងខ្សោយ ការអភិវឌ្ឍសេដ្ឋកិច្ចយើងក៏ខ្សោយដែរ។”

យុវតីឈ្មោះ ហូត ឈីវហ្កិច ជាសិស្សមកពីខេត្តតាកែវដែលជាប់អាហារូបករណ៍ នេះ បានឱ្យដឹងថា ប្អូនស្រីបានដាក់ពាក្យប្រឡងក្នុងចំណោមបេក្ខជន២៣នាក់ ដោយប្អូនបាន​មើលឃើញការការប្រឡងយកអាហារូបករណ៍នេះតាមគេហទំព័រហ្វេសបុករបស់ក្រសួងអប់រំ យុវជន និងកីឡា រួចហើយក៏ទិញពាក្យដាក់ប្រឡង។ ប្អូនស្រីបន្ដថា ការប្រឡងអាហារូប​ករណ៍នេះ ត្រូវប្រឡងបីមុខវិជ្ជា រួមមាន គណិតវិទ្យា ភាសាអង់គ្លេស និងចំណេះដឹងទូទៅ ពេលជាប់ដំបូងគេធ្វើកិច្ចសម្ភាសន៍ បន្ទាប់មករយៈពេលប្រមាណ ៣ សប្តាហ៍ ទើបគេប្រាប់ថា ​ជាប់​បាន​អាហារូបករណ៍ទៅរៀននៅប្រទេសសិង្ហបុរី។

សូមបញ្ជាក់ថា សម្រាប់សិស្សដែលជាប់អាហាររូបករណ៍ទៅរៀននៅប្រទេសសិង្ហបុរី រួមមាន៖ កញ្ញា ជៀប ជាលីនដា, កញ្ញា ហួត ឈីវហ្កិច និង កញ្ញា ម៉ាក់ ហេងគង្គារ។  បើតាម​មន្រ្ដីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មាន​បេក្ខជនចំនួន៨រូប ដែលបានទទួលជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេស​សិង្ហបុរី ក្នុងនោះមានបេក្ខជន៣រូប ក្នុងឆ្នាំ២០១៦ ២រូប ក្នុងឆ្នាំ២០១៧ និង៣រូប ក្នុងឆ្នាំ២០១៨៕

ដោយ ប៊ុនរិទ្ធ