ពិព័រណ៍ម្ហូបអាហារដ៏ធំបានចាប់ផ្ដើមបើកជាដំបូងនៅកម្ពុជាដើម្បីបំរើវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា ៖ លោកជួន បូណា

ភ្នំពេញ៖  ពិព័រណ៍ម្ហូបអាហារដ៏ធំបានចាប់ផ្ដើមបើកជាដំបូងនៅកម្ពុជានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩ ដោយបើកឲ្យសាធារណជនបានចូលរួមទស្សនាដោយសេរី នូវមុខម្ហូបអាហារ ប្រកបដោយអនាម័យ និងភេសជ្ជៈដ៏ពេញនិយមនៅកម្ពុជា។

ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា  ព្រឹត្តិការណ៍តាំងពិព័រណ៌វិស័យម្ហូបអាហារនេះ ជាផ្នែកមួយសំខាន់ក្នុងចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ ជួយផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍ ធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា។  ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើង ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកម្ហូបខ្មែរសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរយុវវ័យឱ្យមកទស្សនាតាមរម្មណ៍នីយដ្ឋានទេសចរណ៍ នានាទូទាំងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត ។

សំឡេង«បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានយកចិត្ដទុកដាក់ទៅលើការផ្សព្វផ្សាយម្ហូបអាហារខ្មែរពីព្រោះម្ហូបអាហារគឺជាផលិផលទេសចរណ៍មួយដែលមានសារសំខាន់ផងដែរក្នុងការទាក់ទាញភ្ញៀវទេសចរអន្ដរជាតិឲ្យមកទស្សនាកម្សាន្ដ និងពន្យាការស្នាក់នៅក្នុងប្រទេសកម្ពុជាកាន់តែយូរ ព្រោះអីនៅពេលណាដែលភ្ញៀវទេសចរអន្ដរជាតិបានមកលេងកម្សាន្ដ និងហូបអាហារឆ្ញាញ់ៗនៅកម្ពុជា លោកនឹងចងចាំថា កម្ពុជាគឺជាគោលដៅទេសចរមួយដែលមានម្ហូបឆ្ញាញ់ ហើយចង់នៅឲ្យបានយូរ និងចង់ត្រឡប់មកវិញនៅថ្ងៃក្រោយផងដែរ»។

សូមបញ្ជាក់ថា ព្រឹត្តិការពិរព័ណ៍ “WONDERFUL 28 – LIFESTYLE, WINE & DINE EXPO” ជាលើកដំបូងនៅកម្ពុជានេះ រៀបចំឡើងដោយសមាគមហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ (InFEA) និងឧបត្ថម្ភដោយធនាគារកាណាឌីយ៉ាភីអិលស៊ី, Wonder Capital Group ដោយបង្ហាញពីរបៀបរស់នៅដ៏មានកិត្យានុភាព ផលិតផលស្រា វិស័យអាហារ និងសេវាកម្មដ៏មានវិជ្ជាជីវៈការនាំមកនូវគំនិតថ្មីនៃស្តង់ដាររស់នៅក្នុងយុគសម័យថ្មី៕