វៀតណាមគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh បាននិយាយថា វៀតណាមតែងតែស្វាគមន៍ និងគាំទ្រដល់ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន – រុស្ស៊ី និងវាយតម្លៃខ្ពស់ ចំពោះតួនាទីសំខាន់របស់រុស្ស៊ីក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

​លោកបានថ្លែងបែបនេះនៅពេលចូលរួមសន្និសីទមួយ ស្តីពី «ទំនាក់ទំនងអាស៊ាន – រុស្ស៊ី៖ តួនាទីរបស់វៀតណាម» ដែលធ្វើឡើងដោយស្ថានទូតវៀតណាម សហការជាមួយមជ្ឈមណ្ឌលអាស៊ាននៃ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរដ្ឋមូស្គូ (សាកលវិទ្យាល័យ MGIMO)។

ដោយបញ្ជាក់អំពីទំនាក់ទំនងល្អរវាងអាស៊ាន និងរុស្ស៊ី អ្នកការទូតវៀតណាមរូបនេះបាននិយាយថា ប្រទេសទាំងពីរមានចំណងទាក់ទងនយោបាយដ៏រឹងមាំជាមួយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។

ទាក់ទងនឹងវិស័យសន្តិសុខ ពួកគេកំពុងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងបែបប្រពៃណី និងមិនប្រពៃណី ដូចជាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការដោះស្រាយបញ្ហាដែលទាក់ទងនឹងសន្តិសុខផ្នែកសមុទ្រ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ផងដែរ។

លោកបាននិយាយបន្ថែមថា ភាគីទាំងពីរក៏បានគាំទ្រផងដែរដល់ការអនុវត្តសេចក្តីប្រកាសស្តីពី ការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការសន្និដ្ឋានដំបូងនៃក្រមប្រតិបត្តិរបស់ភាគីនានានៅក្នុងដែនទឹក ដោយលោកបានបញ្ជាក់នូវការគោរពច្បាប់អន្តរជាតិ គោលការណ៍ និងការការពារលទ្ធិនិយម ព្រមទាំងសកម្មភាពជាឯកតោភាគី គឺជាគ្រឹះដ៏រឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន – រុស្ស៊ី ក្នុងវិស័យសន្តិសុខនយោបាយ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកឯកអគ្គរដ្ឋទូត Manh ជឿជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវខិតខំបន្ថែមទៀតដើម្បីអភិវឌ្ឍន៍សក្តានុពលក្នុងវិស័យនេះ។

លោក Anton Golubev អ្នកតំណាងមកពីក្រសួងការបរទេសរុស្ស៊ី បានថ្លែងកោតសរសើរចំពោះទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី ដោយលោកបានកត់សម្គាល់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងអាស៊ាន និងរុស្ស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)