វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទូរគមនាគមន៍អាស៊ានលើកទី ១៩

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩​ — អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម លោក Nguyen Thanh Hung បានដឹកនាំ គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៩ (TELMIN 19) ដែលបានធ្វើពិធីបើកនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៩។

ជាមួយនឹងថ្នាក់ដឹកនាំផ្នែកព័ត៌មាន និងគមនាគមន៍មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ ព្រឹត្តិការណ៍នេះក៏បានការចូលរួមពីឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone អគ្គលេខាធិការ អាស៊ាន លោក Lim Jock Hoi និងបណ្តាអ្នកតំណាងមកពីដៃគូសន្ទនាចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក ក៏ដូចជាគណៈកម្មការអឺរ៉ុប និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ផងដែរ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជា ជាមួយនិងសមាគម និងដៃគូ។

នៅក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ២ថ្ងៃនេះ បណ្តារដ្ឋមន្ត្រីទាំងអស់នឹងពិនិត្យមើលទៅលើកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងឆ្នាំកន្លងមក ខណៈដែលនឹងពិភាក្សាអំពីទិសដៅភាពជាដៃគូនាពេលអនាគតរបស់ពួកគេ រួមមានគំនិតផ្តួចផ្តើមសហប្រតិបត្តិការ និងកម្មវិធីនានា ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលអាស៊ាន។

បណ្តារដ្ឋមន្រ្តីទាំងនោះនឹងធ្វើកិច្ចប្រជុំដាច់ដោយឡែកជាមួយនឹងដៃគូសន្ទនា ដើម្បីពិភាក្សាអំពីកម្មវិធី នឹងសកម្មភាពរួមគ្នានៅឆ្នាំ ២០២០ ក៏ដូចជាភាពជាដៃគូក្នុងការបណ្តុះបណ្តាលមន្រ្តី ការលើកកម្ពស់ការច្នៃប្រឌិត នឹងការពង្រឹងសមត្ថភាពក្នុងការទប់ទល់និងហានិភ័យសន្តិសុខតាមអ៊ីនធឺណិត។

ថ្លែងទៅកាន់ព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រីឡាវបាននិយាយថា ការផ្លាស់ប្តូរព័ត៌មានវិទ្យា និង ឌីជីថល បានក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់ប្រជាជន និងនាំមកនូវឱកាសផ្សេងៗ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)