ប្រជាជនជប៉ុនបានបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទី របស់វៀតណាម ឥណ្ឌា និងអាហ្វិក

វិទ្យុជាតិកម្ពុជា៖

លោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd បានអោយដឹងថាក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA ក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជ្រាវអំពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា តាមរយៈធ្វើតេស្តសាកល្បងរស់ជាតិ ដោយប្រជាជនជប៉ុនបានបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីរបស់វៀតណាម ឥណ្ឌា និងអាហ្វិក។ ប៉ុន្តែ គុណភាព អនាម័យ បរិមាណផលិត ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅមានកម្រិត។
ក្នុងឳកាសរាយការណ៍ជូនឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា លោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd បានលើកឡើងថា កត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុនមានឆន្ទ:ចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាកម្រិតស្តង់ដារអន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលុបបំបាត់ចំណុចអវិជ្ជមានទាំងនេះ ដើម្បីឈានទៅលើកកម្ពស់បរិមាណ គុណភាព និងអនា ម័យគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលអនាគត។ លោកនាយកក្រុមហ៊ុនបាន ស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយផ្តល់កិច្ចសហការ និងណែនាំបន្ថែមធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាពេលអនាគតឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។ ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនក៏ចាប់អារម្មណ៍ផងដែរលើការដាំដុះ និងកែច្នៃសណ្តែកផ្កាយ ការចិញ្ចឹមឃ្មុំក្នងចំការស្វាយចន្ទី និងការចិញ្ចឹមជ្រូកសាច់សរីរាង្គផងដែរ។
ឯកឧត្តមវេង សាខុន បានស្វាគមន៍ចំពោះលទ្ធផលនៃការសិក្សា ជាពិសេសគំនិតផ្តួចផ្តើនលើការវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។ឯកឧត្តមបានបន្តថា គម្រោងនេះគឺស្របនឹងគោលនយោបាយរបស់ក្រសួងដែលបាននិងកំពុងខិតខំជំរុញផលិតភាពផលិតកម្មឲ្យមានលក្ខណ:ល្អប្រសើរទាំងបរិមាណ គុណភាព និងអនាម័យ តាមរយ:វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្មដោយអនុវត្តតាមអភិក្រម”រដ្ឋ ឯកជន ដៃគូអភិវឌ្ឍនិងសហគមន៍កសិកម្ម” ដោយប្រើប្រាស់បច្ចេកវិទ្យាដាំដុះ កែច្នៃ វេចខ្ចប់ទាន់សម័យ សំដៅលើកកម្ពស់តម្លៃបន្ថែម កាត់បន្ថយការនាំចេញវត្ថុធាតុដើម។
ឯកឧត្តមវេង សាខុន សង្ឃឹមថាគម្រោងនេះនឹងដំណើរការទៅដោយរលូន ហើយក្រសួងក៏ដូចជាអង្គភាពពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យការវិនិយោគនេះសម្រេចទទួលបានជោគជ័យតាមការគ្រោង ទុក។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនគួរតែរៀបចំផែនការដាំដុះ ឯកសារផ្លូវច្បាប់ បច្ចេកទេស ចងក្រងសហគមន៍ផលិត ហើយគួរអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីជាប្រយោជន៍សម្រាប់ប្រជាកសិករកម្ពុជា ក្រុមហ៊ុន និងជាពិសេសសេដ្ឋកិច្ចជាតិ៕