សម្តេចប្រធានរដ្ឋសភាស្នើដល់ឯកអគ្គរាជទូតខ្មែរ ដែលត្រូវចេញទៅបំពេញការងារការទូតនៅបរទេស យកចិត្តទុកដាក់ពីផលប្រយោជន៍ជាតិនិងប្រជាជនជាធំ

សម្តេចប្រធានរដ្ឋសភាស្នើដល់ឯកអគ្គរាជទូតខ្មែរ ដែលត្រូវចេញទៅបំពេញការងារការទូតនៅបរទេស យកចិត្តទុកដាក់ពីផលប្រយោជន៍ជាតិនិងប្រជាជនជាធំ
វ៉ាង ភក្តី ២៥ ២៥ ២០១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសថា នៅពេលបំពេញការងារ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និង លើកតម្លៃជាតិជានិច្ច។ ត្រូវរក្សាការសម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសរបស់កម្ពុជា ។

សម្តេចប្រធានរដ្ឋសភា បានលេីកឡើងបន្តថា បេសកកម្មកាទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់​ ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតំាងប្រចំានៅ ប្រទេស វៀតណាម រុស្សី អូស្រ្តាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និង ប្រទេសប្រុយណេ ដារ៉ូសាលឹម បានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៩​ នៅវិមានរដ្ឋសភា មុនចេញទៅបំពេញបេសកកម្មការទូត នៅលើឆាកអន្តរជាតិ។ ក្នុងឱកាសនោះ សម្តេច ក៏បានផ្តាំផ្ញើរដល់ឯកអគ្គរាជទូតទាំងអស់ ចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្បបានច្បាស់លាស់ជាក់ស្តែង អំពី ប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស។ សូមបង្កលក្ខណៈងាយស្រួល លើ សេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់ ។

សម្តេចប្រធានរដ្ឋសភា បានជំរុញ តំណាងកម្ពុជា តាមប្រទេសនានា ដែលទើបតែងតំាងនោះ បន្តជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយសំដៅទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍បរទេស មកប្រទេសយើងឱ្យកាន់តែច្រើន ថែមទៀត​ ដោយផ្អែកលើសក្តានុពល ដែលប្រទេសមានស្រាប់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេស នោះផងដែរ។ សម្តេចប្រធានរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ទាំងអស់នឹងប្រតិបត្តិតួនាទីរបស់ខ្លួន បានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត។

តំណាងឯកអគ្គរាជទូតកម្ពុជា ដែលបានចូលជម្រាបលា​ និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយពេលវេលាអនុញ្ញាតបានចូលជម្រាបលា និងទទួលបានអនុសាសន៍ល្អៗ ដែលជាចក្ខុវិស័យ សម្រាប់យកទៅអនុវត្តការងារទទួលបានជោគជ័យ ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា។

ឯកអគ្គរាជទូតថ្មីទាំង ៩រូប​ រួមមាន៖
១-ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម
២-ឯកឧត្តម អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី
៣-ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី
៤-ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស
៥-ឯកឧត្តម ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
៦-ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី
៧-លោកជំទាវ បាន បូរ៉ុម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋគូបា
៨-ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉ែត
៩-ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារូសាឡាម។