ក្រសួងរៀបចំដែនដី៖ ឆ្នាំ២០១៩នេះវិស័យសំណង់បង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាជិត១៥ម៉ឺននាក់ក្នុងមួយថ្ងៃៗ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ហាន់ ស្រីណា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីបានឲ្យដឹងថា វិស័យសំណង់ឆ្នាំ២០១៩នេះបានបង្កើតឱកាសការងារជូន​ប្រជាពលរដ្ឋជិត១៥ម៉ឺននាក់ក្នុងមួយថ្ងៃៗដែលធ្វើឲ្យប្រជាពលរដ្ឋមានឱកាស​ទទួលបានការងារធ្វើច្រើន​ដែលជួយបង្កើន​ប្រាក់ចំណូលនិងជួយលើកកំពស់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារថែមទៀតផង។

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានអៈអាងថា វិស័យសំណង់បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងរយៈពេល៩ខែឆ្នាំ២០១៩នេះ គិតជាមធ្យមប្រមាណពី១៤៧ ៤៥០នាក់ទៅ១៥០០០០នាក់ក្នុងមួយថ្ងៃបើប្រៀបធៀបរយៈពេលដូចគ្នាកាល ពី៩ខែ ឆ្នាំ២០១៨ ចំនួនកម្មករជាមធ្យមប្រមាណពី២០០ ០០០នាក់ទៅ២២០ ០០០នាក់ក្នុង មួយថ្ងៃ។
យោងតាមរយបាការណ៍ស្តីពីវិស័យសំណងដែលចុះហត្ថលេខាដោយឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ចំពោះនៅរាជធានីភ្នំពេញវិញមានចំនួនកម្មករប្រមាណពី៤៣ ៩០០នាក់ទៅ៤៣ ៥០០នាក់ក្នុងមួយថ្ងៃ។បើធៀបនឹងរយពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានចំនួនកម្មកររហូតដល់ជាង៩០ ០០០នាក់ទៅ១០០ ០០០នាក់ក្នុងថ្ងៃ គឺមានការថយចុះជាង៣១ភាគរយ។
ឯកឧត្តម ឆាន់ សូរ្យផល បានឲ្យដឹងថា តាមរយៈនៃការសិក្សាស្រាវជ្រាវក្នុងរយៈពេល៩ខែឆ្នាំ២០១៩នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ថ្ងៃអាចទទួលបានប្រាក់ពី៣០ ០០០រៀលដល់៤០ ០០០រៀល កម្មករមានជំនាញនិងមេជាងក្នុង១ថ្ងៃអាចទទួលបានប្រាក់ពី៤០ ០០០រៀលដល់ ៦០ ០០០រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែអាចទទួលបានប្រាក់បៀវត្សពី៤០០ដុល្លារទៅ២ ៥០០ដុល្លារ។
របាយការណ៍បានអះអាងថា ប្រភពទិន្នន័យខាងលើនេះ គឺទទួលបានពីការចុះផ្ទាល់នៅការដ្ឋានសំណង់នានាទូទំាងប្រទេសកម្ពុជា។
ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់បានអះអាងថា ការទទួលបានឱកាសការងាររបស់ប្រជាពលរដ្ឋនេះបន្ទាប់ពីវិស័យសំណង់និងអចលទ្រព្យនៅតែមានសន្ទុះកើនឡើងខ្លំាងហើយ កម្មករដែលធ្វើការនៅក្នុងវិស័យនេះមិនត្រឹមតែទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ប៉ុណ្ណោះទេ ថែមទំាងទទួលបានបទពិសោធការងារដ៏ល្អថែមទៀតផង។
យោងតាមរបាយការណ៍ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៩នេះ នៅទូទំាងប្រទេសមានគម្រោង វិនិយោគសំណងសរុបចំនួន ៣ ៤៣៣គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន១៣ ០០០ ៦៨៣ម៉ែត្រក្រឡា ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៦ ៤៩៤ ៣៧១ដុល្លារ។បើធៀបនឹងរយៈពេល៩ខែ កាលពីឆ្នាំ ២០១៨ មានចំនួន២ ៥៤១គម្រោងមានផ្ទៃក្រឡាសំណង់សរុបចំនួន១០ ៧៩០ ៥៩៧ម៉ែត្រក្រឡា ដែលមានតម្លៃប៉ាន់ស្មានទុវិនិយោគ ប្រមាណជាង៤ ៨២០ ២០៨ ៨៤៦ដុល្លារគឺមានការកើនឡើងចំនួន៣៤,៧៣ភាគរយ ៕