មន្រ្តីផ្លូវការ៖ កូរ៉េខាងជើង នឹងប្រមើលមើលពីរបៀបធ្វើសកម្មភាព របស់ទីក្រុងវ៉ាស៊ីនតោនយ៉ាងម៉ឺងម៉ាត់​​រហូតដល់ថ្ងៃផុតកំណត់នៅចុងឆ្នាំនេះ  

AKP ភ្នំពេញ  ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ — អតីតប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា នឹងប្រមើលមើលសហរដ្ឋអាមេរិកធ្វើសកម្មភាពនានា​ ប្រកបដោយភាពវាងវៃ​រហូតដល់ដំណាច់ឆ្នាំនេះ ដោយជាក់ស្តែងយោងទៅលើពេលវេលាកំណត់ដែលទីក្រុងព្យុង​យ៉ាង ​បានកំណត់សម្រាប់ទីក្រុងវ៉ាស៊ីន- តោន​ក្នុងការបង្កើតនូវសំណើថ្មីមួយ នៅក្នុងកិច្ចចរចា​ការរំសាយអាវុធនុយក្លេអ៊ែររបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក គីម គី-ហ្គាន (Kim Kye-gwan) ទីប្រឹក្សាក្រសួង​ការបរទេសក៏បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងពិសេសរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងបង្កើត « កម្លាំងជំរុញ » មួយ​ដើម្បីលុបចោលបញ្ហាប្រឈមរវាងប្រទេសទាំងពីរក្នុងការបន្តឆ្ពោះទៅមុខ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចុះផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានកណ្តាលកូរ៉េជាភាសាអង់គ្លេសថា នៅពេលដែលខ្ញុំបានជួបប្រធានគណៈកម្មការ​កិច្ច​ការ​រដ្ឋ(លោក គីម​ ជុង-អ៊ុន) ហើយបានរាយការណ៍ទៅគាត់ អំពីបញ្ហាដែលមិនទាន់កើតឡើង​ក្នុងកិច្ចការខាងក្រៅ រួមទាំងបញ្ហាទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនាប៉ុន្មាន​ថ្ងៃមុននេះ​ គាត់បាននិយាយថា ទំនាក់ទំនងរវាងគាត់ និងប្រធានាធិបតី Trump គឺពិសេស។

លោកបានបន្ថែមថា ខ្ញុំសង្ឃឹមថា វាជាកម្លាំងជំរុញមួយ ដើម្បីជម្នះរាល់ឧបសគ្គរវាង​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងទិសដៅប្រសើរ​ជាង​នេះ ​នឹងត្រូវបានផ្តល់ជូនដោយផ្អែកលើទំនាក់ទំនងជិតស្និទ្ធ។

លោកក៏បានរិះគន់មន្រ្តីក្រុងវ៉ាស៊ីនតោនផងដែរថា ជា « អរិភាព »ចំពោះកូរ៉េខាងជើង​ និង​គិតតែពី « ចិត្តគំនិតសង្រ្គាមត្រជាក់ » ទោះបីមានការវិនិច្ឆ័យ និងចេតនានយោបាយរបស់លោក Trump ក៏ដោយ។

ទោះយ៉ាងណា លោក គីម បាននិយាយថា នៅមានលទ្ធភាពនៃការឆ្ពោះទៅមុខ ប៉ុន្តែវា​អាស្រ័យលើសកម្មភាពរបស់សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា  « មានឆន្ទៈមួយ មានផ្លូវមួយ »។ យើងចង់ដឹងថា តើសហរដ្ឋអាមេរិក​នឹង​ឆ្លងដល់ដំណាច់​ឆ្នាំបានយ៉ាងដូចម្តេច? ។

នៅក្នុងការកត់សម្គាល់របស់លោក ហាក់ដូចជាមានគោលបំណងជំរុញឱ្យទីក្រុង​វ៉ាស៊ីន​តោន​ចាត់វិធានការ ដែលអាចបត់បែនបានថែមទៀត នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ស្របពេល​ដែលបង្ហាញពីចេតនារបស់ទីក្រុងព្យុងយ៉ាងក្នុងការបន្តកិច្ចពិភាក្សាដែលនៅតែជាប់គាំងនេះ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)