វៀតណាម និងចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩​ — អនុលេខានៃគណៈកម្មការមជ្ឈិមយោធា និងជារដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich បានជួបពិភាក្សាការងារជាមួយលោក Xu Qiliang អនុប្រធានគណៈកម្មការមជ្ឈិមយោធាចិន នៅខាងក្រៅកម្មវិធីវេទិកា Beijing Xiangshan លើកទី៩ នៅរដ្ឋធានីនៃប្រទេសចិនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩។

នៅក្នុងកិច្ចប្រជុំនេះ លោក Lich បានលើកឡើងអំពីសារៈសំខាន់នៃវេទិកាដែលបណ្តាប្រទេសចូលរួមទាំងអស់បានចែករំលែកទស្សនៈរបស់ពួកគេ ទៅលើបញ្ហាសន្តិសុខសំខាន់ៗក្នុងតំបន់ និងក្នុងពិភពលោក។

មន្រ្តីទាំងពីររូបបានឯកភាពថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងជាក់ស្តែងក្នុងរយៈពេលកន្លងមក។

ការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសទាំងពីរ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក និងលើកកម្ពស់ចំណងទាក់ទងទ្វេភាគីប្រកបដោយសុខដុមរមនា និងប្រកបដោយចីរភាព។ ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការការពារជាតិបានក្លាយជាសសរស្តម្ភមួយនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងចិន។

លោក Lich បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសក្នុងកម្រិតខ្ពស់ ដើម្បីបន្តចែករំលែកបទពិសោធន៍ក្នុងការកសាងកងទ័ព រក្សាយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់រដ្ឋមន្ត្រី ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ការផ្លាស់ប្តូរមិត្តភាពការពារព្រំដែនលើកទី៦ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទាក់ទងនឹងស្ថានភាពស្មុគស្មាញនៅក្នុងពិភពលោក និងតំបន់ លោក Xu បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ប្រទេសនានា ក្នុងការបង្កើនកិច្ចសន្ទនាគ្នា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សា បរិស្ថានប្រកបដោយសន្តិភាព និងស្ថិរភាពជាជាងការប្រឈមមុខដាក់គ្នា៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )