ឯកឧត្តម អ៊ុន ចាន់ដា ចាត់ទុកមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម ជាការបង្កើនប្រសិទ្ធភាពអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការរបស់ថ្នាក់ក្រោមជាតិ

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានចាត់ទុកថា មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបន្តនូវចីរភាពដល់អង្គការមួយ ដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី លើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បី អភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតអាណត្តិទី៣ នៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៤ ខែតុលា នេះ ឯកឧត្តម បន្តថា មហាសន្និបាតនេះ ក៏ជាឱកាស ដែលសមាគមជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ចាម បង្ហាញនូវសមិទ្ធផល ដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បន្ទាប់ពីត្រូវបានបង្កើតឡើង ។ ឯកឧត្ដម បញ្ជាក់ថា មហាសន្និបាតអាណត្តិទី៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺពិនិត្យកែសម្រួល និងអនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើស អង្គ អភិបាលកិច្ច របស់សមាគម សម្រាប់អាណត្តិទី៣ មានដូចជា ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាសមាគម និងសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម ។ អ្វីដែលសំខាន់ទៀតនោះ នៅ ពេលបញ្ចប់ មហាសន្និបាតនេះ ក៏នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាលើកទីមួយ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម អាណត្តិទី៣ ផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគម ជាក់ស្តែងក្នុងរយៈកាល ៥ ឆ្នាំកន្លងមក ដោយនាំមកនូវសមិទ្ធផលជាច្រើនជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ។ មហាសន្និបាតអាណត្តិទី៣ នេះក៏ជាឱកាស ដែលប្រតិភូមហាសន្និបាត រួមមាន សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង អ្នកពាក់ព័ន្ធ នឹងបានយល់ដឹងអំពីសមិទ្ធផល ដែលសមាគមសម្រេច បាន នឹងទិសដៅការងារដែលត្រូវអនុវត្តបន្តនៅអាណត្តិទី៣ ។ ឯកឧត្តម លើកទឹកចិត្តដល់លោក លោកស្រី ជាប្រតិភូរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ចូលរួមក្នុងមហាសន្និបាតនេះ យកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនេះ ក្នុងបំណងបង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ អំពីតួនាទី ភារកិច្ច គោលបំណង និងដំណើរការ របស់សមាគមក្នុងការការពារផលប្រយោជន៍ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ ៕