រដ្ឋបាលខេត្តសៀមរាប បានត្រៀមរួចរាល់ ដើម្បីរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខែវិច្ឆិកានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ៖

រដ្ឋបាលខេត្តសៀមរាប បានត្រៀមរួចរាល់ ក្នុងការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបង្ហាញអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងឆ្នាំនេះ រដ្ឋបាលខេត្តនឹងរៀបចំប្រាព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៩ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្ត ដំណាក់។លោក បានបញ្ជាក់ថា មុនកម្មវិធីនេះមកដល់អាជ្ញាធរខេត្ត បានរៀបចំកែលម្អដាក់ ភ្លើងពណ៌នៅតាមសួនច្បារ ក៏ដូចជាមានដាក់តាំងនូវរូបសំណាក់ថ្មីៗដែលមានរចនាបទបែបខ្មែរ សំអាតបរិស្ថានអនាម័យ ដាក់ពង្រាយធុងសម្រាមនៅតាមទីសាធារណៈ រៀបចំជួសជុលផ្លូវដែលខូចខាត ពង្រឹងកម្លំាងការពារសន្តិសុខសណ្តាប់ធ្នាប់ និងចុះណែនាំដល់ម្ចាស់ ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ត្រូវរក្សាតម្លៃ គុណភាព និងអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យពិធីប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពសប្បាយរីករាយ។
សំឡេង «ខេត្តសៀមរាបជារៀងរាល់ឆ្នាំ ធ្វើពិធីចំថ្ងៃជាមួយគ្នានៅរាជធានីភ្នំពេញ ខុសពីខេត្តផ្សេងៗ ខេត្តសៀមរាបជាខេត្តមួយដែលសំបូរទៅដោយភ្ញៀវទេសចរណ៍ អំឡុងព្រះរាជពិធីបុណ្យអុំទូក អាចមានភ្ញៀវទេសចរណ៍តាមបណ្តាខេត្តផ្សេងៗគាត់មកទស្សនា ។ ចំណែកហេដ្ឋារចនាសម្ធន្ព ផ្លូវបានកែលម្អបានល្អហើយនៅក្នុងក្រុង គម្រោង១១ខ្សែ អាចរួចរាល់មុនថ្ងៃបុណ្យអុំទូក ឆ្នាំនេះប្លែកជាងឆ្នាំមុនៗ មានការកែលម្អ ហើយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំពិធី ជាពិសេសមន្ទីរវប្បធម៌វិចិត្រសិល្បះ រៀបចំកម្មវិធីសិល្បះជាច្រើនមានការប្លែកៗជាងឆ្នាំមុន ក្នុងពិធីបុណ្យអុំទូក ។»
លោក បន្ថែមថា រដ្ឋបាលខេត្ត ក៏បានជំរុញអោយមន្ទីរ អង្គភាពពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់ចំពោះកីឡាករ ដោយគិតគូពីបញ្ហាសុខភាពនិងការស្នាក់នៅរបស់ពួកគាត់ក្នុងកំឡុងពេលមកហាត់សមរហូតដល់បញ្ចប់ការប្រកួត។លោក រំពឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ នឹងមកទស្សនានៅខេត្តសៀមរាបច្រើនកុះករ ក្នុងអំឡុងពេលនៃពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ។