រដ្ឋាភិបាលគុយបាអរគុណកម្ពុជាគាំទ្រប្រទេសរបស់ខ្លួនដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

រដ្ឋាភិបាលគុយបា អរគុណកម្ពុជាដែលគាំទ្រប្រទេសរបស់ខ្លួនចំពោះការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក អស់រយៈពេលជាង៥០ឆ្នាំមកនេះ។
ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស ( Juan de Jesús Hidalgo-Gato Péres) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលគុយបា បានអំណរគុណចំពោះកម្ពុជា ដែលបានគំាទ្រដល់ការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកមកលើប្រទេសរបស់ខ្លួន។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសចូលជួបជម្រាបលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសឯកឧត្តមចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពញាចក្រី ហេង សំរិន ដែលបានគំាទ្ររដ្ឋាភិបាលនិងប្រជាជនគុយបានៅគ្រប់កាលៈទេសៈ និងបានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា-គុយបា ទំាងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ឯកឧត្តម មានប្រសាសន៍ថា ជោគជ័យនៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម គឺមានការគំាទ្រពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា។
សម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ដែលបានរួមចំណែកដ៏ធំធេងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងគុយបា ឲ្យកាន់តែរឹងមាំ រីកចម្រើនជាបន្តបន្ទាប់។
សម្តេចពញាចក្រី មានប្រសាសន៍ថា គុយបា ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសមិនច្រើនទេលើពិភពលោក ដែលធ្លាប់បានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្រោយពីបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ឆ្នាំមុន ហើយក្នុងដំណាក់កាលជាបន្តបន្ទាប់ គុយបាក៏បានបន្តរួមចំណែកដល់កាអភិវឌ្ឍនៅកម្ពុជា រហូតដល់បច្ចុប្បន្ន ដែលនេះធ្វើអោយកម្ពុជា ចាត់ទុកគុយបាជាមិត្តដ៏ល្អនៅគ្រប់កាលៈទេសៈ។
គួររំឭកថា សហរដ្ឋអាមេរិក និងប្រទេសគុយបា បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នានៅក្នុងឆ្នាំ១៩៦១ ដោយសហរដ្ឋអាមេរិក បានបិទស្ថានទូតខ្លួនប្រចាំទីក្រុងហាវ៉ាណា និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសគុយបា៕
វ៉ាង ភក្តី ២៤ ១០ ២០១៩