ប្រតិភូវិទ្យុជាតិឡាវ ធ្វើទស្សនកិច្ចសិក្សានៅវិទ្យុជាតិFM៩៦Mhz

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ លោកស្រី ស៊ី ឡាវង្សខាំភុង ប្រធានផ្នែកភាសាខ្មែរ និងកញ្ញា ភុម ភីផាកវ៉ាន់ផន ប្រធានផ្នែកភាសាថៃនៃអគ្គនាយកដ្ឋានវិទ្យុជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមកធ្វើទស្សនកិច្ចសិក្សា និងដកបទពិសោធន៍ការងារនៅស្ថានីយវិទ្យុជាតិFM៩៦Mhz។

ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម តូច ណារត្ន អគ្គនាយករងទទួលបន្ទុកវិទ្យុជាតិFM៩៦Mhz និងរាជធានី-ខេត្តទូទាំងប្រទេស បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូនៃអគ្គនាយកដ្ឋានវិទ្យុជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ។

នៅក្នុងជំនួបនោះ ឯកឧត្តម តូច សារ៉េត បានជម្រាបជូនប្រតិភូឡាវថា វិទ្យុជាតិFM៩៦Mhz ដែលជាអង្គភាពរបស់រដ្ឋ ក្នុងមួយថ្ងៃៗបានផ្សាយនូវដំណឹង និងការកម្សាន្តយ៉ាងច្រើន ក្នុងនោះកម្មវិធីព័ត៌មានប្រចាំថ្ងៃ ដោយផ្ដោតលើព្រឹត្តិការណ៍ថ្មី ទាន់ហេតុការណ៍ ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ក្រៅពីកម្មវិធីកម្សាន្ត និងព័ត៌មានជាភាសាខ្មែរ  វិទ្យុជាតិFM៩៦Mhz ក៏មានកម្មវិធីផ្សាយជាភាសាអ៊ីស្លាម ជាពិសេសកម្មវិធីព័ត៌មាន៣ភាសាផ្សាយក្នុងមួយថ្ងៃ ក្នុងនោះមាន ព័ត៌មានភាសាអង់គ្លេស ព័ត៌មានភាសាវៀតណាម  និងព័ត៌មានភាសាចិន ដោយឯកឧត្តមសង្កត់ធ្ងន់ថាកម្មវិធីព័ត៌មានទាំង៣ភាសានេះ គឺបកប្រែចេញមកពីភាសាខ្មែរប្រភពតែមួយ ដែលក្រុមការងារវិទ្យុជាតិFM៩៦Mhzជាអ្នករៀបចំ។

ជាមួយគ្នានេះ  ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ជូនប្រតិភូឡាវថា នៅថ្ងៃអនាគត រាជរដ្ឋាភិបាលកម្ពុជា ដៃលមានក្រសួងព័ត៌មានជាសេនាធិការ នឹងមានគម្រោងបង្កើតវិទ្យុមិត្តភាពកម្ពុជា-ឡាវ ស្របពេលដែលបច្ចុប្បន្នកម្ពុជា បានបង្កើត និងកំពុងដំណើរការរួចហើយ នូវវិទ្យុមិត្តភាពកម្ពុជា-ថៃ។

ជាការឆ្លើយតប លោកស្រី ស៊ី ឡាវង្សខាំភុង ប្រធានផ្នែកភាសាខ្មែរនៃវិទ្យុជាតិឡាវ បាន បញ្ជាក់ថា គោលបំណងសំខាន់នៅពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៌រវាងវិទ្យុជាតិឡាវ និងវិទ្យុជាតិFM៩៦Mhz។

លោកស្រីលើកឡើងថា វិទ្យុជាតិឡាវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦០ ដោយបែងចែកចេញជា១២នាយកដ្ឋាន។ ដោយឡែកនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៤ វិទ្យុជាតិឡាវ បានបង្កើតកម្មវិធីផ្សាយជាភាសាខ្មែរ។ សព្វថ្ងៃវិទ្យុជាតិឡាវ ផ្សាយជា៦ភាសា គឺភាសាឡាវ ថៃ ខ្មែរ ចិន បារាំង និងភាសាអង់គ្លេស។

ជុំវិញគម្រោងបង្កើតវិទ្យុមិត្តភាពកម្ពុជា-ឡាវ លោកស្រីយល់ថា នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវកាន់តែប្រសើរ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំង២ នឹងទទួលបាននូវព័ត៌មាន និងការស្វែងយល់ពីគ្នាកាន់តែច្បាស់។

សូមបញ្ជាក់ថា ប្រតិភូនៃអគ្គនាយកដ្ឋានវិទ្យុជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងចំណាយពេល១ថ្ងៃពេញ ដើម្បីសិក្សាស្វែងយល់អំពីស្ថានីយវិទ្យុជាតិFM៩៦Mhz។

អត្ថបទ៖ ប៊ុន សម្ផស្ស, FM 96MHz