ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងនៅតែបន្តធ្លាក់ពីកម្រិតខ្សោយទៅមធ្យម

វិទ្យុជាតិកម្ពុជា៖ ដោយ ស្រីផល 24,10,2019៖

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងនៅតែបន្តធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ដែលបង្កឡើងដោយបញ្ហាផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៥ ដល់ ៣១ ខែតុលា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន បាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ នៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច។ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅជាប់តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម។
ដូច្នេះ ក្រសួងធនធានទឹកនិងឧតុនិយម សូមអំពាវនាវឲ្យសាធារណៈជនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ផ្គររន្ទះ ដែលអាចនិងកើតមានជាយថាហេតុ ពិសេសបណ្តាខេត្តតំបន់វាលទំនាប ភាគខាងក្រោម។