ព្រឹទ្ធសភា ប្រកាសពីភាពជោគជ័យអំពីសកម្មភាពចុះមូលដ្ឋាន

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ២៤ ១០ ១៩៖

ព្រឹទ្ធសភា បានប្រកាសពីភាពជោគជ័យអំពីសកម្មភាពចុះមូលដ្ឋាន ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់អាជ្ញាធរ ។

ឯកឧត្ដម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងរយៈពេលបីខែមកនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំវេទិកា សាធារណៈ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដូចជាជីអណ្តូងទឹកស្អាត ជីកស្រះទឹក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមក្នុងពិធី ផ្សេងៗ ។
ថ្លែងក្រោយសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែតុលា នៅព្រឹទ្ធសភា ដើម្បីស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា ឯកឧត្ដម ម៉ម ប៊ុននាង បានបញ្ជាក់ថា ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ បានប្ដេជ្ញារួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា រយៈពេល៣ខែនៃការចុះមូលដ្ឋាន ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៦ករណី ប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន១០លើក ចុះបេសកកម្មក្នុងប្រទេសចំនួន ១០លើក បំពេញបេសកកម្មក្រៅប្រទេសចំនួន ០៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន ១៧៦លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន ៣៥០លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៩១លើក៕