រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជាលើកយកបញ្ហា​ប្រឈម​ធំៗ​ចំនួន​៣ ​ក្នុង​វេទិកា​សៀង​សាន​លើក​ទី ​៩​ នៅ​ទី​ក្រុង​ប៉េ​កាំង​

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ — ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជា​មានិត​ចិន កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលរួម​ក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង ដែលនៅ​ក្នុង​​​​វេទិកា​សៀង​​សាននេះ ត្រូវបានពិភាក្សាលើ​ប្រធានបទសំខាន់ៗ​ ដែល​ពាក់ពន្ធ័នឹង​បញ្ហា​សន្តិ​សុខក្នុងតំបន់ និង អន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ ក្រោមប្រធានបទ “ផលប្រយោជន៍នៃរាល់បណ្តា​ប្រទេសតូច ប្រទេស​មធ្យម និងសន្តិសុខរួម” សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន​ប្រសាសន៍ថា វេទិកាសៀងសាន គឺជាឱកាសដ៏ល្អប្រសើរមួយ ដើម្បីលើកឡើងពីក្តីកង្វល់រួម និងរកដំណោះស្រាយជាមួយគ្នាលើបញ្ហាទាំងនោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​លើក​​ឡើង​នូវបញ្ហា​ប្រឈមចំនួន​៣ ទៅកាន់កិច្ចប្រជុំ​ ក្នុងនោះបញ្ហាប្រឈមទី១ គឺក្នុងទិដ្ឋភាព​ទ្រឹស្តី នៃទំនាក់ទំនងអន្តរជាតិ តែងផ្តោតសំខាន់​ពីសកម្មភាព នៃប្រទេសមហាអំណាច ធ្វើការ​សិក្សាពន្យល់ពីឬសគល់នៃជម្លោះរបស់ពួកគេ ហើយស្វែង​រក​វិធី ដើម្បីធ្វើយ៉ាងណាឱ្យមាន​តុល្យ​ភាពអំណាចរវាងមហាអំណាច ហើយដែលគេជឿថានេះជាភាពចាំបាច់ដើម្បី​រក្សាសន្តិ​ភាពពិភពលោក។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា គេច្រើនតែមើលរំលងពីផលប្រយោជន៍ និង​សំណូមពររបស់ប្រទេសតូច និងមធ្យម ហើយយ៉ាងច្រើនគេបានត្រឹមតែបង្ហាញការ​អាណិត​អាសូរចំពោះប្រទេស​តូច និងមធ្យមប៉ុណ្ណោះ។

ប៉ុន្តែជាទូទៅប្រទេសតូច និងមធ្យម​ត្រូវគេបង្ខំឱ្យលះបង់ផលប្រយោជន៍ជាតិខ្លួន ដើម្បីបុព្វហេតុសន្តិភាពរវាងប្រទេសមហា​អំណាច។ សម្តេចពិជ័យសេនាបានបន្ដថា ផ្អែកតាមប្រវត្តិសាស្រ្ត នៅពេលដែលប្រទេស​មហាអំណាចមានទំនាស់នឹងគ្នា ប្រទេសតូចនិងមធ្យម​ត្រូវបានគេចាប់បង្ខំឱ្យជ្រើសរើស​ភាគី​ជម្លោះណាមួយ ឬពេលខ្លះទៀត គឺមហាអំណាចគឺជាអ្នកធ្វើការកំណត់​ជំនួសតែម្តង។ នៅ ពេលដែលប្រទេសមហាអំណាចត្រូវគ្នា ប្រទេសតូច និងមធ្យមបែរជាក្លាយទៅជារបស់​សម្រាប់ប្រទេសមហាអំណាចដោះដូរគ្នាទៅវិញ។ បញ្ហាប្រឈមទី២ សម្តេចពិជ័យសេនា បានបន្ថែមថា ទោះ​បី​ជាយើងបានឃើញបញ្ហាទី១ខាងលើនេះ យើងនៅតែមិនអាចគេចផុត​ពីវា​បានទេ ហើយពិភពលោកសព្វថ្ងៃ​គឺ​មាន​ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងពឹងពាក់គ្នាទៅវិញ​ទៅមក។ ក្រៅពីនេះ គ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯង ដោយ​គ្មានការទាក់ទង​ជាមួយពិភពខាងក្រៅឡើយ ពីព្រោះការរស់នៅបែបនេះជាការលំបាកណាស់។ សម្ដេចពិជ័យ​សេនា​បានបន្ដទៀតថា ​នៅពេលដែលយើងបើកចំហទៅកាន់ពិភពលោក យើងច្បាស់ជា​នឹងត្រូវប្រាស្រ័យទាក់ទងគ្នា ហើយរងនូវឥទ្ធិពល​ពី​ទង្វើ​នៃប្រទេសដទៃ គ្រាន់តែតិច​ឬច្រើន​ប៉ុណ្ណោះ។ សម្តេចពិជ័យសេនាបានបញ្ជាក់បន្ថែម​ថា ទោះបីចង់ ឬមិនចង់ យើងត្រូវតែទាក់ទង​ជាមួយប្រទេសទាំងអស់លើពិភពលោក ហើយជាទូទៅការ​ទាក់​ទងនេះមិនមែនគ្មានភាព​លម្អៀងទៅរកប្រទេសធំនោះទេ។ ចំពោះបញ្ហាប្រឈមទី៣ គឺភាពផ្ទុយគ្នាឬទំនាក់ទំនង​ជា​វិចារ​វិទ្យា​ ក្នុងទំនាក់ទំនងអន្តរជាតិ។ លើសពីនេះទៀត ក្នុងទិដ្ឋភាពមួយ ប្រទេសនីមួយៗ​ចាំបាច់ត្រូវស្វែងរកផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ឱ្យបានច្រើន តាមដែលខ្លួនអាចធ្វើបាន ជាពិសេសត្រូវប្រកាន់​ខ្ជាប់​នូវ​គោល​ការ​ណ៍​សីលធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។ សម្ដេចពិជ័យសេនាបានអះអាងថា​ ក្នុងតថភាពជាក់ស្តែងយើងឃើញថាពេលខ្លះប្រទេសធំៗ និងជាមហាអំណាចអាចស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន ដោយពុំសូវគិតដល់គោល​ការណ៍​សីលធម៌​អន្តរជាតិទេ។ ផ្ទុយទៅវិញប្រទេសតូច និងមធ្យមមិនអាចធ្វើបែបនោះបាន​ឡើយ។ នៅពេលដែលប្រទេសតូច និងមធ្យមព្យាយាមធ្វើបែបនេះ ពួកគេច្រើនត្រូវបានរារាំង ដោយលើកពីគោលការណ៍សីលធម៌អន្តរជាតិ។ សម្ដេចពិជ័យសេនាបានលើកជាឧទាហរ​ណ៍​ជាក់​ស្តែងក្នុងករណីកម្ពុជាផ្ទាល់ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើ​គ្រប់យ៉ាង ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ និងជាតិខ្លួនក៏ដោយ ក៏កម្ពុជានៅតែទទួលរងសម្ពាធពី​ប្រទេសមួយចំនួន ដែល​រិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា​ ​ក្នុងកិច្ចប្រជុំវេទិកាសៀងសានលើកទី៩នេះ វាគ្មិនមកពីបណ្តាល​ប្រទេស​ដ៏​ទែទៀត​ក៏បាន​ចូល​រួមពិភាក្សា​ផ្លាស់ប្តូរយោបល់គ្នា ដែលទាក់ទងទៅនឹងប្រធាន​បទថ្មីៗ ស្តីអំពីទំនាក់ទំនងប្រទេសមហាអំណាច និងសណ្តាប់​អន្តរជាតិ, ការ​គ្រប់គ្រងហា​និភ័យសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក, ការគ្រប់គ្រងអាវុធអន្តរជាតិ និងសន្តិសុខ​សាកល និង ការផ្លាស់ប្តូរ ទស្សនៈវិស័យ​ដែលទាក់ទង​ទៅនឹង​កិច្ចសហ​ប្រតិបត្តិការ​​រក្សាសន្តិសុខ ក្នុងតំបន់ និងពិភពលោក ៕

ដោយ សំ សាម៉ន