កម្ពុជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាយានយន្តអគ្គិសនីដើម្បីចូលរួមការពារបរិស្ថាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កម្ពុជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាយានយន្តអគ្គិសនី ដើម្បីចូលរួមការពារបរិស្ថានពីការបញ្ចេញឧស្ម័នកាបូនិក និងការបំពុលខ្យល់ពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់យានយន្ត។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងជំរុញផលិតកម្មក្នុងស្រុក និងឧស្សាហកម្មកែច្នៃអាគុយ ព្រមទាំងលើកទឹកចិត្តការប្រើប្រាស់ម៉ូតូអាគុយនៅតាមទីប្រជុំជន ដើម្បីផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកបរិស្ថាន ខណៈការប្រើប្រាស់ម៉ូតូដើរដោយថាមពលប្រេងឥន្ធនៈរួមចំណែកដល់ការឡើងកំដៅផែនដី និងចំណាយថវិកាខ្ពស់។
ថ្លែងក្នុងសិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅដើមសប្តាហ៍នេះ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងបានជំរុញការរៀបចំកម្មវិធីថ្នាក់ជាតិមួយ ដោយផ្តោតលើការវាយតម្លៃអំពីកាលានុវត្តភាពនិងបញ្ហាប្រឈមសម្រាប់យានយន្តអគ្គិសនី ការរៀបចំលិខិតបទដ្ឋានគតិយុត្តនិងស្តង់ដាបច្ចេកទេស ការកសាងសមត្ថភាពស្ថាប័ន ឧបករណ៍លើកទឹកចិត្តហិរញ្ញវត្ថុ ការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាលជំនាញ ការជំរុញផលិតកម្មក្នុងស្រុកនិងឧស្សាហកម្មកែច្នៃអាគុយ ការកសាងហេដ្ឋារចនាសម្ព័ន្ធសាកអាគុយ និងការអនុវត្តគម្រោងបង្ហាញ ដោយព្យាយាមកៀរគរការគាំទ្រពីដៃគូពាក់ព័ន្ធនានា ដែលជួយដល់ប្រសិទ្ធ នៃការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា។
បើតាមអ្នកជំនាញ បានលើកឡើងថា កំណើននៃការប្រើប្រាស់យាន្តយន្ត នាំឲ្យមានការប្រឈមបញ្ហាបរិស្ថានដែលគួរឲ្យព្រួយបារម្ភ ព្រោះចំហេះនៃឥន្ធនៈផូស៊ីល ដែលបញ្ចេញពីសាំង ឬម៉ាសូត បានបញ្ចេញសារធាតុបំពុលខ្យល់ និងឧស្ម័នផ្ទះកញ្ចក់ចូលក្នុងបរិយាកាសដែលនាំឲ្យមានវិបត្តិចំពោះសុខភាព និងបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនោះទេ។
យោងតាមការសិក្សាស្តីពីគម្រោង«រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន» នៃក្រសួងបរិស្ថាន បានបង្ហាញថា ម៉ូតូអាគុយពិតជាមានប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ២,៤គីឡូវ៉ាត់ម៉ោង ចំណាយប្រាក់អស់ប្រហែល១.៦០០រៀលប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរក្នុងចម្ងាយ១០០គីឡូម៉ែត្រ ខណៈការប្រើម៉ូតូប្រើសាំង ត្រូវចំណាយប្រហែល១៨.០០០រៀល ក្នុងរយៈចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ដូចគ្នា រីឯការបញ្ចេញឧស្ម័នផ្ទះកញ្ចក់វិញ គឺទាបជាងម៉ូតូធម្មតាប្រមាណ៥ដង»។