រដ្ឋមន្ត្រីក្រសួងពត៌មាន គាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នៃការប្រឡង បវរកញ្ញាពិភពលោក នៅប្រទេសកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី ២២ តុលា ២០១៩៖

 រដ្ឋមន្ត្រីក្រសួងពត៌មាន គាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នៃការប្រឡង បវរកញ្ញាពិភពលោក នៅប្រទេសកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ ដែលជាព្រឹត្តិការណ៍សំខាន់ សម្រាប់កម្ពុជា និងជាការបង្ហាញពី សក្តានុពលជាច្រើន ដូចជាទេសចរណ៍ វប្បធម៍ ប្រពៃណី ដ៏រុងរឿង នៃប្រជាជាតិខ្មែរ។
ក្នុងឱកាសទទួលជួបលោកស្រី Hay Dara នាយកប្រតិបត្តិ ក្រុមហ៊ុនថែរក្សាសម្ពស្ស NATURAL MAGIC របស់កូរ៉េ និងលោកស្រី Halley Amin អគ្គប្រតិបត្តិការ បវរកញ្ញា ភពផែនដី អន្តរជាតិ នាក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រឡង បវរកញ្ញាពិភពលោក នៅប្រទេសកម្ពុជា នេះ បានបញ្ជាក់អោយឃើញថាប្រទេសកម្ពុជា មានសុខសន្តិភាព បរិបូរណ៍ ប្រជាពលរដ្ឋ រស់នៅដោយភាពសប្បាយរីករាយ។
ក្នុងឱកាសនោះ លោកស្រី Halley Amin បានអោយដឹងថា ការរៀបចំព្រឹត្តិការណ៍ប្រឡងបវរកញ្ញា ពិភពលោក ដែលធ្វើឡើងជាលើកទី ២ នៅប្រទេសកម្ពុជា នឹងធ្វើឡើងរយៈ ពេល ២ សប្តាហ៍ ដោយចាប់ដំណើរការចាប់ពីថ្ងៃទី ២៥ ខែ មេសា រហូតដល់ថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ២០២០ ក្នុងនោះមានការរៀបចំជាព្រឹត្តិការណ៍ជាបន្តបន្ទាប់ នៅក្នុង ខេត្តព្រះសីហនុ ខេត្តសៀមរាប និងបញ្ចប់នៅ មជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ លោកស្រី បានអោយដឹងទៀតថា ការប្រឡងបវរកញ្ញាពិភពលោក ឆ្នាំ ២០២០ នៅកម្ពុជា គឺមានការចូលរួមពីកញ្ញាឯកមកពី ៧៥ ទៅ ៨០ ប្រទេសជុំវិញពិភពលោក ដោយប្រទេសមួយ មានតំណាងកញ្ញាឯកម្នាក់ចូលរួម។ លោកស្រី បញ្ជាក់ថា ការប្រគួត គឺផ្តោតទៅលើសមត្ថភាព និងរូបសម្រស់ដែលស្រស់ស្អាតជាងគេនៅ លើពិភពលោក ដោយមានការដាក់ពិន្ទុ ពីគណៈកម្មការអន្តរជាតិ និងគណៈកម្មការមកពីប្រទេសកូរ៉េ និង កម្ពុជា ផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមថា ព្រឹត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោក នេះ នឹងទទួលបានការគាំទ្រ យ៉ាងច្រើន ពីបងប្អូនប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរ បរទេស ព្រោះការ ប្រឡងបវរកញ្ញាពិភពលោក នេះគឺមានអ្នកចូលចិត្តទស្សនាច្រើន៕