អភិបាលខេត្ត កំពង់ចាម ទាមទារ ឲ្យ មាន ការ សហការ គ្នា ដោះស្រាយ បញ្ហា ដែល កើត មាន ឡើង នៅ មូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ដោយលោកហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បាន ទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ  អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា  សហការ រួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងនៅមូលដ្ឋានដើម្បីធ្វើអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើថ្នក់ដឹកនាំរបស់យ់ង។

ក្នុង ពិធី បើកវេទិការពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មផែនការឃុំ-សង្កាត់ នៅថ្នាក់ក្រុងស្រុក   កាលពីព្រឹក ថ្ងៃ ទី ២២  ខែតុលា  ឆ្នាំ ២០១៩  នៅ មន្ទីរ ផែនការ ខេត្តកំពង់ចាម  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាល ខេត្ត កំពង់ចាម  បាន ថ្លែង ថាវេទិកាផ្សព្វផ្សាយនាពេលនេះជាឱកាសដ៏សំខាន់ដែលយើងធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់  ធ្វើឲ្យកាន់តែប្រសើរឡើងនូវកិច្ចដំណើរការអនុវត្តគម្រោង ដែលឆ្លើយតបតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។  ឯកឧត្ដម បាន បន្ត ថា  តាមរយៈ ដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ(២០២០-២០២២) របសរដ្ឋបាលក្រុង-ស្រុក  ឃុំ-សង្កាត់  យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគខេត្តមានចំនួន៤០១គម្រោង  សំណើគម្រោងវិនិយោគក្រុង ស្រុកមានចំនួន៦៦២គម្រោង និងសំណើគម្រោងវិនិយោគឃុំ -សង្កាត់មាន  ចំនួន៣,៩៧៩គម្រោង សរុបចំនួន៤,០៤២គម្រោង ដែលជាតម្រូវកាជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២០។ ដូចច្នេះទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ  អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា  សហការ រួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋាន។

ឯកឧត្ដម អភិបាលខេត្តបាន បន្តទៀត ថា  ការរៀបចំវេទិការពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល នូវតម្រូវការអភិវឌ្ឍន៍  ទាំងនេះជាគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននានា  ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយសុក្រឹតភាព៕