ស្លាប់៥នាក់របួស១០នាក់ដោយសារអាកាសធាតុអាក្រក់ក្នុងប្រទេសស្រីលង្កា

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ — មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ ( DMC ) បាននិយាយពីថ្ងៃចន្ទថា មនុស្ស៥នាក់បានស្លាប់ និង១០នាក់ទៀតរបួស បន្ទាប់ពីខ្យល់ដ៏ខ្លាំង និងភ្លៀងយ៉ាងធ្ងន់ធ្ងរបានវាយប្រហារនៅទូទាំងប្រទេសស្រីលង្កា កាលពីចុងសប្តាហ៍នេះ ។

ការស្លាប់ត្រូវបានគេរាយការណ៍ឱ្យដឹងមកពីស្រុក Nuwera Eliya  ក្នុងខ្ពង់រាបភាគកណ្តាលជាស្រុកមួយដែលបានប៉ះពាល់យ៉ាងអាក្រក់បំផុតដោយស្ថានភាពអាកាសធាតុអាក្រក់  ។

មនុស្សជាង ៥.៦០០នាក់ក៏បានប៉ះពាល់ផងដែរដោយភ្លៀង និងខ្យល់នេះ ដោយឡែកមនុស្សជាង ៥០០នាក់ត្រូវបានគេរើទៅកន្លែងដែលមានសុវត្ថិភាព ។

លំនៅឋានប្រហែល ២៦ ខ្នងត្រូវបានខូចខាតទាំងស្រុង ដោយឡែក ៦៧១ ខ្នងទៀតបានខូចខាតដោយផ្នែក ។

DMC  បាននិយាយថា កងកម្លាំងប្រដាប់អាវុធបានឃ្លាំមើលសម្រាប់ស្ថានការណ៍ទឹកជំនន់ដែលអាចមានប្រសិនបើភ្លៀងដ៏ខ្លាំងបន្តទៅទៀតក្នុងរង្វង់២៤ម៉ោងខាងមុខនេះ  ។

នាយកដ្ឋានឧតុនិយមបាននិយាយនៅក្នុងទិន្នន័យអាកាសធាតុថ្មីបំផុតរបស់ខ្លួនថា គេរំពឹងថា នឹងមានភ្លៀងច្រើនទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នៅពេលដែលភ្លៀងធ្លាក់យ៉ាងខ្លាំងគេរំពឹងថា នឹងមាននៅក្នុងផ្នែកជាច្រើននៃកោះនេះ  ។

សាធារណៈជនត្រូវបានគេស្នើឱ្យធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីធ្វើឱ្យនៅតូចការខូចខាត ដែលបង្ករឡើងដោយខ្យល់ខ្លាំងនិងផ្លេកបន្ទោរក្នុងអំឡុងភ្លៀងមានផ្គររន្ទះនេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )