ប្រធាន VFF បង្ហាញពីមតិសាធារណៈ នឹងការដាក់ញត្តិ

AKP ភ្នំពេញ  ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ — ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (VFF) លោក ត្រឹន ថាញ់ បានធ្វើរបាយការណ៍បង្ហាញដោយសង្ខេបពីមតិសាធារណៈ និងញត្តិក្នុងឱកាសបើកសម័យ​ប្រជុំ​លើក​ទី៨ នៃរដ្ឋសភានីតិកាលទី១៤ នៅទីក្រុងហាណូយកាលពីថ្ងៃទី២១ ខែតុលា។

លោកបានបន្តទៀតថា បន្ទាប់ពីសម័យប្រជុំលើកទី៧ ប្រធានគណៈកម្មាធិការកណ្តាល VFF និង   គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រមូលមតិសាធារណៈចំនួនជាង ៣៥០០ នាក់​នៅទូទាំងប្រទេស តាមរយៈប្រតិភូតំណាងរដ្ឋសភា និងជំពូក VFF នៅគ្រប់លំដាប់ថ្នាក់។

តាមមេដឹកនាំ VFF បានឱ្យដឹងថា  អ្នកបោះឆ្នោត និងប្រជាជនបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ប្រទេស ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រួមមានស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ អតិផរណាទាប និងការរស់នៅរបស់ប្រជាជន​មានភាព​ប្រសើរឡើង។

លោកបាននិយាយថា​ កម្មវិធីអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រតាមបែប​ផែនថ្មីទទួលបាន​លទ្ធផល​ជាវិជ្ជមាន ខណៈដែលសង្គម-នយោបាយរបស់ប្រទេសមានស្ថិរ​ភាព សន្តិសុខ និងការពារជាតិ​ត្រូវបានពង្រឹង កិច្ចការខាងក្រៅ និងសមាហរណកម្ម​សកល​ត្រូវ​​បាន​ពង្រីក ​ហើយ​ឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីបានរឹងមាំ។ ការរក្សាបាន​ដូច្នេះ​ ធ្វើឱ្យប្រសើរឡើងនូវជំហររបស់វៀតណាម​នៅលើឆាកអន្តរជាតិ នឹងបង្កើតកម្លាំងជំរុញ​ថ្មី ​ដើម្បីបំពេញភារកិច្ចនៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត។

លោកបាន​បន្ថែម​ថា សាធារណជនជឿជាក់លើការដឹកនាំ និងទិសដៅយ៉ាងម៉ឺងម៉ាត់​របស់បក្ស និងរដ្ឋលើ​ការ​ងារ​កសាង និងកែតម្រូវបក្ស​ ក៏ដូចជាការប្រយុទ្ធប្រឆាំង​នឹងអំពើ​ពុករលួយ។ អង្គនីតិបញ្ញត្តិបានធ្វើកំណែទម្រង់ការបង្កើតច្បាប់ និងវគ្គសំណួរ និងចម្លើយ ​ការធ្វើដូច្នេះដើម្បី​ឆ្លើយតបនឹងការរំពឹងទុករបស់ ប្រជាជន។

ទន្ទឹមនឹងនេះដែរ ក្រសួងទីភ្នាក់ងារ និងតំបន់ជាច្រើន ក៏បានបង្កើនការធ្វើកំណែទម្រង់​រដ្ឋបាល នឹងការសម្រួលបរិក្ខាផងដែរ៕

(ប្រភពVNA: បកប្រែដោយលោក មាស សំអុល)