វៀតណាមចូលរួមវេទិកា Beijing Xiangshan លើកទី ៩

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩​ — គណៈប្រតិភូយោធាជាន់ខ្ពស់របស់វៀតណាមបានចូលរួមក្នុងវេទិកា Beijing Xiangshan លើកទី៩ ដែលបានធ្វើពិធីបើកនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

វេទិកានេះមានធ្វើឡើងក្រោមប្រធានបទ «រក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងលើកកម្ពស់សន្តិភាពនៅអាស៊ីប៉ាស៊ីហ្វិក» ដែលបានទាក់ទាញថ្នាក់ដឹកនាំយោធាការពារជាតិ និងយោធារាប់រយនាក់ រួមជាមួយអ្នកជំនាញមកពីបណ្តាប្រទេស និងអង្គការជាច្រើនជុំវិញពិភពលោក។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ ស្តីពីការគ្រប់គ្រងហានិភ័យសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ឯក Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និងជាអនុលេខាធិការនៃគណៈកម្មការ មជ្ឈិមយោធា និងជារដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមបាននិយាយថា មានកត្តាស្មុគស្មាញ និងមិនអាចព្យាករណ៍បានជាច្រើននៅក្នុងបរិយាកាសនយោបាយ និងសន្តិសុខនៅក្នុងតំបន់ ដែលបង្កជាបញ្ហាប្រឈម និងហានិភ័យផ្នែកសន្តិសុខទាំងប្រពៃណី និងមិនប្រពៃណី។

ដើម្បីគ្រប់គ្រងហានិភ័យសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិកឱ្យបានល្អ លោកបានអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវច្បាប់ នឹងការគោរពគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាក្នុងការដោះស្រាយវិវាទ នឹងការខ្វែងគំនិតគ្នាធ្វើការពង្រឹងស្មារតីទទួលខុសត្រូវរបស់ខ្លួន ដើរតួនាទីឱ្យមានប្រសិទ្ធភាពនៅក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគីនៅក្នុងបណ្តាយន្តការនៃកិច្ចសហប្រតិបត្តិការក្នុងការកសាងទំនុកចិត្ត និងគ្រប់គ្រងសន្តិសុខក្នុងតំបន់ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីក្នុងស្មារតីភាពជាដៃគូ នឹងការទទួលខុសត្រូវចំពោះសហគមន៍។

ទាក់ទងនិងស្ថានភាពសមុទ្រខាងកើត លោក Lich បាននិយាយថា តំបន់នេះប្រឈមនឹងហានិភ័យសន្តិសុខជាច្រើន ដោយសារផលប៉ះពាល់នៃកត្តាជាច្រើន រួមមានការប្រកួតប្រជែងរវាងមហាអំណាច ជម្លោះអធិបតេយ្យភាព និងបញ្ហាសន្តិសុខមិនមែនប្រពៃណីផងដែរ។

លោកបានសង្កត់ធ្ងន់ថា ស្ថានភាពនៅសមុទ្រខាងកើតនៅតែមានការអភិវឌ្ឍយ៉ាងស្មុគស្មាញ ហើយប្រសិនបើវាមិនត្រូវបានដោះស្រាយឱ្យបានល្អនោះទេ សន្តិភាព និងស្ថិរភាពក្នុងតំបន់នឹងត្រូវរងផលប៉ះពាល់ ការជឿទុកចិត្តគ្នាក្នុងចំណោមប្រទេសមានការធ្លាក់ចុះ ហើយកិច្ចប្រឹងប្រែងសហប្រតិបត្តិការនៅក្នុងតំបន់ក៏នឹងត្រូវបានរារាំង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)