រដ្ឋបាលរាជធានីភ្នំពេញកែទម្រង់ខ្សែរត់សេវារថយន្តក្រុងសាធារណនៅលើផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩

រដ្ឋបាលរាជធានីភ្នំពេញកែទម្រង់ខ្សែរត់សេវារថយន្តក្រុងសាធារណនៅលើផ្លូវមួយចំនួនក្នុងភូមិនសាស្រ្តរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងារស្រួលដល់ប្រជាពលរដ្ឋក្នុងប្រើប្រាស់សេវាដឹកជញ្ជូន សាធារណៈមួយនេះ អោយកាន់តែល្អប្រសើរឡើងថែមទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុងនេះ បានកែសម្រួលចំនួន៤ខ្សែរត់ឡើងវិញ ដោយទី១ ខ្សែទី១B ដែលពីមុនរត់ចេញពីចំណតច្បារអំពៅរហូតដល់ផ្សារគគីរ ត្រូវបានកែរសម្រួលអោយរត់ចេញពីចំណតបឹងឈូក ទៅផ្សារគគីរ (វិលជុំ)វិញ។
ទី២ ខ្សែទី៥ បច្ចប្បន្នរត់ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ រត់កាត់ផ្សារអ៊ីអន២ ដល់ផ្សារអ៊ីអន១ត្រូវបានកាត់ជាពីរខ្សែដោយខ្សែទី៥A រត់ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារ អ៊ីអន២ (វិលជុំវិញ) និងខ្សែទី៥B រត់ពីផ្សារអ៊ីអន១ ដល់ផ្សារអ៊ីអន ២ (វិលជុំ)។
ទី៣ ខ្សែទី ១០ ដែលពីមុនរត់ចេញពីផ្សារស៊ិនជូរីផ្លាហ្សា ដល់ចំណតបឹងឈូក ត្រូវបានកែសម្រួលអោយរត់ចេញពីស្ថានីយចំណតរថយន្តក្រុងផ្លូវ ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស ដល់ច្បារអំពៅ រួចវិលត្រឡប់មកវិញ។
ចំណែកទី៤ ខ្សែរទី ១៣ ពីមុនរត់ចេញពីចំណតរង្វង់មូលកួចកាណុង ទៅដល់រង្វងមូលផ្សារដើមថ្កូវ (វិលជុំ)ត្រូវបានកែសម្រួលអោយរត់ចេញពីចំណតរាជាយស្ម័យយាន ទៅដល់រង្វងមូលផ្សារដើមថ្កូវ (វិលជុំ) វិញ។
រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ អោយបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និង ជាតិពុលនានាដែលចេញពីរថយន្តឯកជនដ៏ច្រើន លើសលុយ។
សូមបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ( CITI BUS) និង ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិ JICA បានដាក់អោយដំណើរការ សេវាដឹកជញ្ជូនសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៣ ខ្សែ ដោយប្រើប្រាស់រថយន្តក្នុងចំនួន ២៣៥ គ្រឿង ហើយមានប្រជាពលរដ្ឋគាំទ្រប្រើប្រាស់សេវានេះពី ២៦០០០នាក់ ទៅ៣០០០០នាក់ ក្នុងមួយថ្ងៃ ជាមួយនឹងការបង់ថ្លៃសេវា គឺ អ្នកជិះបង់តែមួយលើក តម្លៃ១៥០០រៀល៕