ឧទ្យានហ្គេមធំជាងគេរបស់ហ្ស៊ីមបាវេបាត់បង់ដំរីចំនួន ៥៥ ក្បាលដោយអត់អាហារនឹងគ្មានទឹក

វិទ្យុជាតិកម្ពុជាៈ លោក ភួង ឈុនលាង៖


អាជ្ញាធរសត្វព្រៃហ្សីមបាវេនិយាយថាយ៉ាងហោចណាស់មានសត្វដំរីចំនួន ៥៥ ក្បាលបានងាប់ដោយសារភាពអត់ឃ្លាននិងការស្រេកឃ្លាននៅក្នុងតំបន់អភិរក្សធម្មជាតិដ៏ធំបំផុតរបស់ប្រទេសនេះគឺឧទ្យានជាតិ វ៉េងជស៍ (Hwange) នៅភាគខាងលិចនៃប្រទេស។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ កាលពីយប់ថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០១៩។
លោក Tinashe Farawo (ទីនណាស ហ្វារ៉ាវ៉ូ) អ្នកនាំពាក្យអាជ្ញាធរឧទ្យានជាតិហ្ស៊ីមបាវេបានប្រាប់ទូរទស្សន៍រដ្ឋហ្ស៊ីមបាវេកាលពីថ្ងៃចន្ទថាដំរីសរុបចំនួន ៥៥ ក្បាលបានងាប់នៅឧទ្យានជាតិក្នុងរយៈពេលជាង ២ ខែកន្លងមកនេះដោយសារភាពអត់ឃ្លាន។ ស្ថានភាពនៅឧទ្យានភាគច្រើនរបស់យើងគឺពិតជាគួរឱ្យព្រួយបារម្ភដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈពេលនេះអាជ្ញាធរកំពុងស្វែងរកថវិកាដើម្បីបង្កើតត្រពាំង និងអណ្តូងបន្ថែមទៀតសម្រាប់បំពេញតំរូវការទឹកដែលកំពុងខ្វះខាត។
សូមជម្រាបថា នៅប្រទេសហ្ស៊ីមបាវេមានដំរីជាង ៨៤.០០០ ក្បាល និងមានហ្វូងសត្វព្រៃធំជាងគេទី២លើពិភពលោកបន្ទាប់ពីប្រទេសបុតស្វាណា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ