ព្រឹទ្ធសភា ប្រកាសបង្កើនសកម្មភាពចុះអភិវឌ្ឍន៍នៅតាមមូលដ្ឋាន

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
MC៖ព្រឹទ្ធសភា បានប្រកាសបង្កើនសកម្មភាពចុះអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ បំរើដល់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ព្រឹទ្ធសភាបានប្ដេជ្ញាបង្កើនសកម្មភាពការងាររបស់ខ្លួនដោយផ្ដោតទៅលើវិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីធ្វើកំណែទម្រង់នៅតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើឡើងបន្ថែមទៀត ។
ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានាព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ម ប៊ុននាង បានបញ្ជាក់ថា ការប្ដេជ្ញាបង្កើនសកម្មភាពរបស់ព្រឹទ្ធសភានេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្ដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានពីមួយគុណទៅជាពីរ ដើម្បីធ្វើយ៉ាងណាធានាឲ្យការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាខេត្ដនានាមានប្រព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង ជាពិសេសនៅតាមព្រំដែនផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដម បានបញ្ជាក់ទៀតថា ព្រឹទ្ធសភាបានប្រកាសពីភាពជោគជ័យនៃការចុះមូលដ្ឋាន កែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការតាមមូលដ្ឋាន និងការផ្សព្វផ្សាយប្រឆាំងអំពើពុករលួយនាពេលកន្លងមកនេះ គឺមានភាពល្អប្រសើរ៕