ក្រសួងបរិស្ថាន ថា ទីក្រុង និងទីប្រជុំជនចំនួន៧ទៀត នឹងដាក់ជាតំបន់ធានានិរន្តរភាពបរិស្ថាន

MC: ក្រសួងបរិស្ថាន អះអាងថា ទីក្រុង និងទីប្រជុំជនចំនួន៧ទៀត គឺក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម ក្រុងប៉ោយប៉ែត ក្រុងបាត់ដំបង ក្រុងបាវិត(ស្វាយរៀង) និងក្រុងសួង(ត្បូងឃ្មុំ) នឹងដាក់ឲ្យក្លាយជាតំបន់ដែលធានានិរន្តរភាពបរិស្ថាន បន្ទាប់ពីក្រសួងបានដាក់ឲ្យប្រើប្រាស់នូវផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពរាជធានីភ្នំពេញឆ្នាំ២០១៨-២០៣០ ដើម្បីធានាដល់ការរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គម។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ទីក្រុងដែលត្រៀមដាក់ឲ្យ អនុវត្តផែនការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺត្រូវធានាលើការគ្រប់គ្រងសំណល់រឹងរាវ គុណភាពខ្យល់ ប្រព័ន្ធដឹកជញ្ជូននិងចរាចរណ៍ ការរៀបចំលំនៅដ្ឋាន ការផ្គត់ផ្គង់ថាមពល ទឹកនិងស្បៀងអាហារ ការគ្រប់គ្រងទឹកជំនន់ ទឹកកខ្វក់ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ជាដើមនេះ។
ថ្លែងក្នុងសិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ដែលធ្វើឡើងនៅនាទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី២១ ខែតុលានេះ ឯកឧត្តម បានបញ្ជាក់ថា កំណើនប្រជាជន រួមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធ ទាមទារនូវការរៀបចំទីក្រុង និងទីប្រជុំជនមួយដែលអាចឆ្លើយតបទៅការដោះស្រាយបញ្ហាប្រឈមនានាទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម បន្តថា ផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ គឺការលើកកម្ពស់ការអភិវឌ្ឍ ការរស់នៅប្រកបដោយចីរភាព ការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជានៅក្រោមអនុសញ្ញាពិធីសារនិងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនានាដែលកម្ពុជាជាសមាជិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូអភិវឌ្ឍន៍ដើម្បីកៀរគរធនធានសម្រាប់គាំទ្រការអនុវត្តគំនិតផ្តួចផ្តើមនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍គន្លឹះពីការយកចិត្តទុកដាក់ខ្ពស់លើអាទិភាពសំខាន់ៗ រួមមាន៖ ទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ការដឹកជញ្ជូននិរន្តរភាព ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មានប្រសាសន៍ ថា ការងារលេចធ្លោមួយចំនួនមានដូចជា៖ ១. ការដាក់បញ្ចូលការអភិវឌ្ឍដោយចីរភាព ការអភិវឌ្ឍបៃតង ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងគោលនយោបាយជាតិប្រជាជន និង២.រៀបចំបញ្ចប់ការសិក្សា និងប្រកាសដាក់ឲ្យប្រើប្រាស់នូវ៖ ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ២០១៨-២០៣០, សំណើគោលនយោបាយសារពើពន្ធសម្រាប់យានយន្ត, របាយការណ៍ស្តីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុប្រទេសកម្ពុជា, របាយការណ៍ស្តីពីការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា, របាយការណ៍ជាតិលើកទី៦ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និង ៣. ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ជាដើម។ ឯកឧត្តមបានបន្ថែមថា អគ្គលេខាធិការដ្ឋានកំពុងបន្តការសិក្សាស្រាវជ្រាវសំខាន់ៗ មួយចំនួនទៀត ទាក់ទងនឹងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរ ប្រសិទ្ធភាពសេដ្ឋកិច្ចនៃថាមពលពន្លឺព្រះអាទិត្យ ការទាញយកឥន្ធនៈពីសំណល់រឹង ការគ្រប់គ្រងសំណល់រាវបែបវិមជ្ឈការ ស្តង់ដាអគារបៃតង កម្មវិធីយានយន្តអគ្គិសនី បច្ចេកវិទ្យានុយក្លេអ៊ែរ ការទូទាត់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបង្កើតទីក្រុងឆ្លាតវៃ ដើម្បីជួយឲ្យការរស់របស់ពលរដ្ឋនៅដែលទាក់ទិនលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាននិងសុខភាព បណ្តាញតភ្ជាប់ទូរគមនាកមន៍ និងការទំនាក់ទំនង ការបំលាស់ទី ការដឹកជញ្ជូន ការធ្វើចរាចរណ៍ មានភាពកាន់តែប្រសើរឡើង។
បើតាមឲ្យដឹងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានបញ្ជាក់ថា ទីក្រុងធំៗចំនួន៣របស់កម្ពុជា រួមមានរាជធានីភ្នំពេញ សៀមរាប និងក្រុងបាត់ដំបង នឹងត្រូវបានដាក់ក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ចាប់ពីឆ្នាំ២០២២ខាងមុខនេះ៕